ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីជប៉ុន ប្រាប់ពិភពលោក គួររៀនសូត្រពីស្មារតីកម្ពុជា ក្នុងការកសាងសន្តិភាព

ភ្នំពេញ៖ ស្ថិតនៅក្នុងទឹកដីកម្ពុជា លោក គីស៊ីដា ហ្វូមីអូ (Kishida Fumio ) នាយករដ្ឋមន្រ្តីជប៉ុន បានប្រាប់ពិភពលោក គួររៀនពីស្មារតីរបស់កម្ពុជា ក្នុងការកសាងសន្តិភាព ដែលមិនបោះបង់រហូត ដល់កសាងប្រទេសឡើងវិញបាន ពីការបំផ្លិចបំផ្លាញ ដែលបណ្ដាលមកពីសង្គ្រាមស៊ីវិល។

ថ្លែងក្នុង សន្និសីទសារព័ត៌មានរួមគ្នា ក្រោយបញ្ចប់ជំនួបពិភាក្សាការងារទ្វេភាគី នៅល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ លោក គីស៊ីដា ហ្វូមីអូ (Kishida Fumio ) បានបញ្ជាក់ថា «រាល់ពេលទស្សនកិច្ចនៅកម្ពុជា ខ្ញុំគិតទៅដល់តម្លៃនៃសន្តិភាព ខ្ញុំសូមសំដែងនូវការគោរព ជូនដល់ប្រជាជនកម្ពុជា ចំពោះស្មារតីដែលមិនបោះបង់រហូត ដល់កសាងប្រទេសឡើងវិញបាន ពីការបំផ្លិចបំផ្លាញ ដែលបណ្ដាលមកពីសង្គ្រាមស៊ីវិល ។ យើងគួររៀនពីស្មារតីកម្ពុជា ដោយសារនៅលើពិភពលោក នាពេលបច្ចុប្បន្នកំពុងមានការគំរាមកំហែង ដល់ជីវភាពរស់នៅ របស់ប្រជាជន ប្រកបដោយសន្តិភាព»។

សូមរំលឹកផងដែរថា ស្ថានភាពក្ដៅនាពេលបច្ចុប្បន្ន នៅក្នុងប្រទេសអ៊ុយក្រែន លោក Zelensky ប្រធានាធិបតីអ៊ុយក្រែន បានស្រែករកសន្តិភាព បន្ទាប់ពីរងការវាយប្រហារយ៉ាងដំណំ ពីសំណាក់មហាអំណាចរុស្ស៊ី៕

To Top