ដាកា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នំា២០២២ថា មន្ត្រីជាន់ខ្ពស់មួយរូប បានឲ្យដឹងថា ក្រុមអ្នកជួយសង្រ្គោះ បានរកឃើញសាកសពចំនួន៦នាក់ ពីក្នុងទន្លេមួយក្នុងសង្កាត់ Narayanganj នៅខាងក្រៅរដ្ឋធានី ដាកា (Dhaka) របស់ប្រទេសបង់ក្លាដែស បន្ទាប់ពីសាឡាងបានបុកជាមួយនាវាមួយផ្សេងទៀត ហើយបានក្រឡាប់កាលពីថ្ងៃអាទិត្យ ។
លោក Jayedul Alam អធិការនគរបាលស្រុក Narayanganj បានប្រាប់ដល់ទីភ្នាក់ងារស៊ិនហួថា សាឡាងដែលមានឈ្មោះថា “MV Afsar Uddin” បានលិចបន្ទាប់ពីត្រូវ បានបុកដោយកប៉ាល់ ដឹកទំនិញនៅក្នុងទន្លេ Shitalakkhya ក្នុងស្រុក Narayanganj ។
លោកបានលើកឡើងថា “រហូតមកដល់ពេលនេះសាកសពមនុស្ស៦នាក់ ក្នុងនោះមានស្ត្រី៣នាក់កុមារ២នាក់ និងបុរសម្នាក់ត្រូវបាននាំយកមកវិញហើយ” ។
បើតាមប្រភពពីមន្ត្រីដដែល សាឡាង ដែលដឹកអ្នកដំណើរពី២៥ទៅ៣០នាក់ បានលិចក្នុងទន្លេនៅម៉ោងប្រហែល ២និង១៥ នាទីរសៀល ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង៨និង១៥នាទីម៉ោងសកលកាលពីថ្ងៃអាទិត្យ ។
លោក Alam បានលើកឡើងថា មនុស្សម្នាក់ត្រូវបានបញ្ជាក់ថា បាត់ខ្លួន ។
ប៉ុន្តែរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានដាក់ចំនួនអ្នកបាត់ខ្លួន រាប់សិបនាក់ ហើយបារម្ភថា ចំនួនអ្នកស្លាប់អាចកើនឡើងជាមួយ នឹងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតែបន្ត ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា