ព័ត៌មានជាតិ

កម្ពុជា-បារាំង ចុះហត្ថលេខាលើ គម្រោងស្ដីពី ផែនការគោលសម្រាប់ភាសាបារាំង

ភ្នំពេញ៖ កិច្ចពិភាក្សាទ្វេភាគី និងពិធីចុះហត្ថលេខាលើគម្រោងស្ដីពី “ផែនការគោលសម្រាប់ភាសាបារាំង” ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង លោកប៉ឺឡេ ហ្សាក់ (PELLET Jacques) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ដោយយល់ឃើញពីសារសំខាន់ នៃការអភិវឌ្ឍគោលនយោបាយ ភាសាបរទេស ប្រកបដោយគុណភាពនៅបឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សា គម្រោងស្ដីពី “ផែនការគោលសម្រាប់ភាសាបារាំង” ត្រូវបានរៀបចំឡើង សម្រាប់អនុវត្តរយៈពេល ៤ឆ្នាំ ចាប់ពីឆ្នាំ២០២២ ដល់ ឆ្នាំ២០២៥ ក្រោមកិច្ចសហប្រតិបត្តិការ យ៉ាងស្អិតរមួត រវាងក្រសួងអប់រំ យុវជន និងកីឡា និងស្ថានទូតបារាំងប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងឆ្លើយតបទៅនឹង តម្រូវការទាំងបរិមាណ និងគុណភាពស្របតាម កំណែទម្រង់ក្នុងវិស័យអប់រំ។

ដើម្បីធានាការបង្កើត និងការតាមដានផែនការ គោលសម្រាប់ភាសាបារាំង ក្រុមការងារទទួលបន្ទុក ភាសាបារាំងមួយត្រូវបានបង្កើតឡើង ដោយស្ថិតក្រោមការតែងតាំង និងការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា និងមានសមាសភាពគណៈកម្មាធិការដឹកនាំ និងគណៈកម្មាធិការប្រតិបត្តិ។ លើសពីនេះ ស្ថាប័នហ្វ្រង់កូហ្វូនីមួយចំនួនទៀត ក៏មានទំនាក់ទំនង និងមានការចូលរួមជាមួយផែនការ ទូទៅសម្រាប់ភាសាបារាំង (ផ.គ.ប) ផងដែរ៕

To Top