ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានសំណូមពរ ដល់សាធារណជន បំពាក់ផ្លាកលេខ សម្គាល់យានយន្តឱ្យត្រឹមត្រូវ ហើយបង់ពន្ធនាំចូលជូនរដ្ឋ កុំប្រើប្រាស់ផ្លាកលេខក្លែងក្លាយ នាំឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ។
ក្នុង ឱកាសចុះឆ្មក់ ត្រួតពិនិត្យមើលភាពត្រឹមត្រូវ នៃផ្លាកលេខសម្គាល់រថយន្ត តាមរយៈការស្កេន QR CODE នៅលើផ្លាកលេខ និងផ្ទៀងផ្ទាត់គល់ បញ្ជីផ្លាកលេខ ក្នុងប្រព័ន្ធបច្ចេកវិទ្យាក្រសួង នៅភូមិសាស្ត្ររាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា លេខសម្គាល់ រថយន្តទាំងអស់ ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូនរួចហើយ ត្រូវបានចែករំលែក និងអនុញ្ញាត ឱ្យអគ្គស្នងការ នគរបាលជាតិ និង អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជាប្រើប្រាស់ ដើម្បីងាយស្រួល ក្នុងការត្រួតពិនិត្យផ្លាកលេខរថយន្តក្លែងក្លាយ និងចូលរួមទប់ស្កាត់ ការគេចវេសពីការបង់ពន្ធនាំចូល។
លោកបានកត់សម្គាល់ផងដែរ អំពីប្រសិទ្ធភាព នៃការប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យាទំនើបនេះ ក្នុងការជួយត្រួតពិនិត្យ ទប់ស្កាត់ការក្លែងបន្លំផ្លាក លេខសម្គាល់រថយន្ត ជាពិសេសកាត់បន្ថយ រថយន្តផ្លាកលេខក្លែងក្លាយ ដែលប្រើក្នុងការប្រព្រឹត្តបទល្មើសផ្សេងៗ ធ្វើឱ្យខូចដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ ថា “សំណូមពរដល់សាធារណៈជន ឱ្យចូលរួមគោរព ច្បាប់ឱ្យបានខ្ជាប់ខ្ជួន បំពាក់ផ្លាកលេខ សម្គាល់យានយន្តឱ្យបានត្រឹមត្រូវ បង់ពន្ធ នាំចូលជូនរដ្ឋ និងកុំប្រើប្រាស់ផ្លាកលេខ ក្លែងក្លាយដែលនាំឱ្យប៉ះពាល់ ដល់សណ្តាប់ធ្នាប់ សាធារណៈ និងសន្តិសុខជាតិរបស់យើង”។
សូមរំលឹកថា ការចុះឆ្មក់ពិនិត្យនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យមើលភាពត្រឹមត្រូវនៃផ្លាកលេខ សម្គាល់រថយន្ត តាមរយៈការស្កេន QR CODE នៅលើផ្លាកលេខ និងវាយបញ្ចូលព័ត៌មានផ្លាកលេខ យានយន្ត ទៅក្នុងកម្មវិធីដែលរៀបចំឡើង ដោយក្រុមមន្ត្រីជំនាញបច្ចេកវិទ្យាព័ត៌មាន របស់ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយនឹងអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានគយ៕