ព័ត៌មានជាតិ

សម្ដេចតេជោ ស្នើទូតកូរ៉េ ជួយបន្តជំរុញការសាងសង់ស្ពាននៅតំបន់ផ្សាររាត្រី ទៅជ្រោយចង្វារ ហើយពីភ្នំពេញទៅអរិយក្សត្រ (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានស្នើឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា ជួយបន្តជំរុញការងារសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នៅតំបន់ផ្សាររាត្រី ទៅជ្រោយចង្វារ និងពីភ្នំពេញទៅអរិយក្សត្រ។

ក្នុងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ២១ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ប្រធានាធិបតីកូរ៉េថ្មី នឹងឡើងកាន់តំណែងជំនួស លោក មូន ជេអិន នាពេលខាងមុខនេះ នឹងបន្ដជួយកម្ពុជាចំពោះគម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ។ លើសពីនេះ សម្ដេច ក៏បានជំរុញដល់ កយការ ជួយសាងសង់ស្ពាននៅតំបន់ទាំងនោះ ព្រោះកយការ បានផ្ដល់ជម្រើសមកកម្ពុជា ក្នុងការជ្រើសរើសស្ពាន។

សម្ដេចមានប្រសាសន៍ថា «ឯកឧត្តម អគ្គរដ្ឋទូតកូរ៉េ ជួយជំរុញតភ្ជាប់ស្ពានពីផ្សាររាត្រី ទៅជ្រោយចង្វារ ពីជ្រោយចង្វារ ទៅអរិយក្សត្រ។ បានសេចក្ដីថា មិនមែនកសាងស្ពានមួយទេ គឺកសាងស្ពានពីរ ។ ស្ពានមួយឆ្លងកាត់ទន្លេសាប ស្ពានមួយទៀតទន្លេមេង្គ អាហ្នឹងស្ពានមិត្តភាព កម្ពុជា-កូរ៉េ»។

សម្ដេចបន្ដថា បើសិនស្ពាននេះសាងសង់រួចពិតមែន ទីក្រុងភ្នំពេញ នឹងក្លាយជាមជ្ឈមណ្ឌលមួយមានស្ពានយ៉ាងស្រស់ស្ពាន ព្រោះមានស្ពានប្រភេទខ្សែកាប មិនប្រើសរសរទេ ធ្វើយ៉ាងណាមិនឲ្យប៉ះពាល់ពិធីបុណ្យអុំទូក។

លើសពីនេះទៀត សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ក៏បានលើកឡើងថា មិត្តកូរ៉េ បានសម្រេចផ្តល់ថវិកាសម្រាប់សាងសង់ស្ពានតភ្ជាប់ភ្នំពេញ ទៅអរិយក្សត្ររួចហើយ ដោយបានដាក់ជម្រើសទីតាំងជាច្រើនកន្លែង៕

To Top