អត្ថបទ

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា នាំមុខគេនៅកម្ពុជា ក្នុងការគាំទ្រក្រសួងបរិស្ថាន និង អង្គការ WWF- Cambodia ដើម្បីទទួលស្គាល់ទិវា​មួយ​ម៉ោង សម្រាប់​ភព​ផែនដីអន្តរជាតិ

រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា កំពុង​ចូល​រួម​​ចំណែក​​ជា​មួយ​ក្រសួង​បរិស្ថាន​កម្ពុជា និង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អង្គការ WWF-Cambodia ក្នុង​ការ​ទទួល​ស្គាល់​ទិវា​​មួយ​ម៉ោង​សម្រាប់​ភព​ផែនដីឆ្នាំ​២០២២ (Earth Hour 2022) ជា​មួយ​នឹង​ការ​គាំទ្រ​ដល់​ព្រឹត្តិការណ៍​ជា​បន្ត​​បន្ទាប់​ដែល​រួម​មាន​​កម្មវិធី​កម្សាន្តផ្សាយ​​បន្ត​ផ្ទាល់ ព្រមទាំង​​ព្រឹត្តិការណ៍​វប្បធម៌ និងកីឡា​ ក្នុង​ខេត្ត​មណ្ឌលគិរី​នៅថ្ងៃ​សុក្រ ទី២៦ ខែមីនា។

ក្នុង​គំនិត​ផ្ដួចផ្ដើម​នេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា កំពុង​នាំមុខ​គេនៅកម្ពុជា ដោយ​ក្លាយ​ជា​ដៃគូ​ផ្តាច់​មុខមួយ​ក្នុង​ចំណោម​ដៃគូ​ផ្តាច់​មុខ​ចំនួន​ពីរ​សម្រាប់​ទិវា​មួយ​ម៉ោងសម្រាប់​ភព​ផែនដី (Earth Hour) ដែល​រៀបចំ​ដោយ​អង្គការ WWF-Cambodia និងក្រសួង​បរិស្ថាន​នៅ​ខេត្តមណ្ឌល​គិរី។ ប្រធាន​បទ​របស់​​អង្គការ WWF-Cambodia គឺ​​ធម្មជាតិ វប្បធម៌ ទេសចរណ៍ និងនិរន្តរភាព ដែល​​​គំនិត​ផ្តួច​ផ្តើម​ទាំង​អស់​នេះទទួលបាន​ការ​គាំទ្រ​ពី​​​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ។

ក្រៅ​ពី​កិច្ចសហ​ប្រតិបត្តិការ​ដៃគូ​ជា​មួយ​អង្គការ WWF-Cambodia សម្រាប់​ទិវា​មួយ​ម៉ោង​សម្រាប់​ភព​ផែនដី​ក្នុង​ខេត្តមណ្ឌលគិរី ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក៏​នឹង​បិទ​ភ្លើង​​ដែល​មិន​ចាំបាច់​មួយ​ចំនួន​នៅ​រោងចក្រ​ស្រាបៀរក្នុង​រាជធានី​​ភ្នំពេញ​របស់​ខ្លួន​នៅថ្ងៃទី២៦ ខែមីនា​ផង​ដែរ។ 

លោក​ស្រី Anne Ollivier នាយក​ផ្នែក​កិច្ចការ​សហគ្រាស​នៃ​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មាន​ប្រសាសន៍​​ថា៖ «នៅ​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​បាន​ចូល​រួម​ជា​មួយ​ក្រសួង​បរិស្ថាន និង​អង្គការ WWF-Cambodia ក្នុង​ការគោរព​បរិស្ថាន និង​និរន្តរភាព​ជា​ទូទៅ​តាម​​រយៈ​ការ​ចូល​រួមក្នុងទិវា​មួយ​ម៉ោង​សម្រាប់​ភព​ផែនដី​ឆ្នាំ​២០២២។ យុទ្ធសាស្ត្រ​​​​​​និរន្តរភាព​​របស់​​យើង​​​មិន​​មែន​​ជា​រឿង​​ថ្មី​​នោះ​ទេ វា​គឺ​​ជា​អ្វី​ដែល​យើង​​អនុវត្ត​ទាំងនៅ​​ក្នុង​ពិភព​លោក និង​នៅ​កម្ពុជា ដែល​ជា​ផ្នែក​មួយ​នៃ​មហិច្ឆតា​របស់​យើង​ក្នុង​ចូល​រួម​អភិវឌ្ឍពិភពលោកនិង​កម្ពុជា​ដ៏ល្អ​ប្រសើរ» ។ លោក​ស្រី​បាន​បន្ថែមទៀតថា៖ «យើង​​មាន​​មោទនភាព​​ក្នុង​ការ​​ក្លាយ​​ជា​ដៃគូ​ក្នុង​​ទិវា​មួយ​ម៉ោង​សម្រាប់​ភព​ផែនដី​ក្នុង​ឆ្នាំ​នេះ ក៏ដូច​ជា​ការ​ចូល​រួមក្នុង​ការ​បិទ​ភ្លើង​នៅ​ក្នុង​រោងចក្រ​ផលិតស្រាបៀរ​របស់​យើង ដែល​ជានិមិត្ត​រូប​ដ៏​មាន​ឥទ្ធិពល​នៃ​ឯកភាព​ក្នុង​ពិភពលោក និង​ការប្តេជ្ញា​ចិត្ត​ចំពោះ​ភព​ផែនដី​របស់​យើង»។

ទិវា​មួយ​​ម៉ោង​សម្រាប់​ភព​ផែនដី នឹង​ប្រព្រឹត្ត​ឡើង​​ក្នុងប្រទេសកម្ពុជានៅ​ម៉ោង ៨ និង​៣០នាទី​​យប់ ​ថ្ងៃ​ទី​២៦ ខែ​មីនា។ អ្នក​ដែល​​ចូល​រួម​ក្នុង​គំនិត​ផ្តួចផ្តើម​ជា​លក្ខណៈសកល​នេះ អាច​រំពឹង​ថា​នឹង​ចូល​រួម​ជា​មួយ​មនុស្ស​រាប់​លាន​នាក់​មក​ពី​ជុំវិញ​ពិភព​លោក​ផង​ដែរ។

លោកស្រី Anne Ollivier បាន​ឲ្យ​ដឹង​ទៀត​ថា ៖ «ខណៈ​ដែល​ប្រទេស​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា មាន​គំនិត​ផ្តួច​ផ្តើម​គួរឱ្យ​កត់​សម្គាល់ និង​ភាព​ស័ក្តិសម​របស់​ខ្លួន ដើម្បី​ការពារ​និង​ថែរក្សា​បរិស្ថាន​របស់​ប្រទេស​ជាតិ ការ​ចូល​រួម​របស់​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា នៅ​ក្នុង​ទិវា​មួយ​ម៉ោង​សម្រាប់​ភព​ផែនដី ជា​លក្ខណៈ​សកល​នេះ​ក៏​បង្ហាញ​ផង​ដែរ​ថា យើង​សហការ ‘រួមគ្នា’ ហើយ​អ្នក​រាល់​​គ្នា​អាច​ធ្វើ​ការងារ​របស់​ពួក​គេ​បាន រួម​ទាំង​នៅ​ទី​នេះ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ»។

យុទ្ធនាការ​​មួយ​ម៉ោង​សម្រាប់​ភព​ផែនដី​ឆ្នាំ​២០២២ របស់អង្គការ WWF-Cambodia បាន​ចាប់​ផ្តើម​នៅ​ថ្ងៃទី៧ ខែ​មីនា ជា​មួយ​នឹង​យុទ្ធនាការ​ឌីជីថល ដែល​មាន​វីដេអូ​សម្តែង​ដោយ​តារា​ចម្រៀង​ល្បី​គឺ​កញ្ញា មាស សុខសោភា។ ក្នុងទិវា​មួយ​ម៉ោង​សម្រាប់​ភព​ផែនដី​ពិត​ប្រាកដ​ដែលត្រូវ​នឹង​ថ្ងៃទី២៦ ខែមីនា អង្គការ WWF-Cambodia នឹង​រៀបចំ​ព្រឹត្តិការណ៍​កីឡា និង​វប្បធម៌ ដូចជា​ម៉ារ៉ាតុង និង​ការ​សម្តែង​វប្បធម៌​ផ្សេងៗ។

លោក សេង ទាក នាយក​ប្រចា​ប្រទេស​របស់​​អង្គការ WWF-Cambodia មាន​ប្រសាសន៍​ថា៖ «យើង​រីករាយ​ដែល​មាន​ក្រុមហ៊ុន «ដែល​មាន​ទំនួល​​ខុស​ត្រូវ​ផ្នែក​សង្គម» ដូច​ជា​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែល​នាំមុខ​គេ​ក្នុង​ការ​ជួយ​យើង​រៀបចំ​ទិវា​មួយ​ម៉ោង​សម្រាប់​ភព​​ផែនដី​ក្នុង​ឆ្នាំ​នេះ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បាន​សាង​កេរ្តិ៍​ឈ្មោះ​​​រួច​ហើយ​ចំពោះ​វិធីសាស្រ្ត​ច្នៃ​ប្រឌិត​អាជីវកម្ម​ដែល​គាំទ្រ​ដល់​និរន្តរភាពនា​ពេល​អនាគត ដូច្នេះ អង្គការ WWF-Cambodia មាន​សេចក្តី​សោមនស្ស​រីករាយ​​ចំពោះការ​ដែលមាន​ការ​ប្តេជ្ញាចិត្ត​​របស់​ក្រុមហ៊ុន​ទៅកាន់កិច្ចប្រឹង​ប្រែង​​ពិភពលោក»។

ក្នុង​ខែវិច្ឆិកា ឆ្នាំ​មុន ​ក្នុង​កម្មវិធី​ពានរង្វាន់​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ក្រុមហ៊ុនឆ្នាំ​២០២១ (CSR Award 2021) ​ដ៏​មាន​កិត្យានុភាព​ដែលរៀបចំឡើងដោយ EuroCham Cambodia ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​ក្រុមហ៊ុន​ដ៏​ឆ្នើម​មួយ ដែល​បាន​ចូល​រួម​ជា​មួយ​ប្រទេស​កម្ពុជា​ក្នុង​ការ​អភិរក្ស​បរិស្ថាន​។

ថ្មីៗ​នេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក៏​បាន​ឧបត្ថម្ភ​ដល់​កិច្ចប្រជុំ​កំពូល​លើក​ដំបូង​របស់​កម្ពុជា​​ឆ្នាំ ២០២១ ស្តី​អំពី​ការ​ប្រែប្រួល​អាកាស​ធាតុ (CCCS 21) ផងដែរ។ កិច្ចប្រជុំ​កំពូល​រយៈ​ពេល​មួយ​ថ្ងៃ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រសួង​បរិស្ថាន​ដោយ​សហការ​ជា​មួយវិទ្យាស្ថាន​ Mekong Future Institute នេះ បាន​ប្រមូល​ផ្តុំ​អ្នក​ជំនាញ អ្នក​អនុវត្ត សង្គម​ស៊ីវិល និង​ធុរកិច្ច ដើម្បី​បង្ហាញ​ពី​កិច្ចខិតខំប្រឹង​ប្រែង​របស់​កម្ពុជា ដើម្បី​ឆ្ពោះ​ទៅ​រក​និរន្តរភាព និង​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ។

ដោយ​ភ្ជាប់​ជា​មួយ​នឹង​យុទ្ធសាស្ត្រ​និរន្តរភាព​ឆ្នាំ​២០៣០ របស់​ក្រុមហ៊ុន ​ហ៊ិននីគែន គ្រុប ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បាន​កាត់​បន្ថយ​ការ​បញ្ចេញ​កាបូន​ឌីអុកស៊ីត​ក្នុង​ផលិតកម្ម​របស់​ខ្លួន​ចំនួន​ ៥០​ភាគ​រយ​ចាប់​តាំង​ពី​ឆ្នាំ​២០១៣ មក​។

លើស​ពី​នេះ កាល​ពី​ខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុន​ផលិត​ស្រាបៀរ​មួយ​នេះ​បាន​ដាក់​ដំណើរ​ការសាង​សង់​រោងចក្រ​ថាមពល​ជីវម៉ាស់ ហើយត្រូវ​បាន​គេ​​​​រំពឹង​ថា​នឹង​បញ្ចប់​ការ​សាង​សង់​ក្នុង​ខែកក្កដា ឆ្នាំ​នេះ។ ក្នុង​ភាព​ជាដៃគូ​ជិត​ដ៏ស្និទ្ធ​ជា​មួយ​អ្នក​ផ្គត់ផ្គង់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មាន​គោល​បំណង​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ឱ្យ​បាន ៣០​ភាគរយ​ត្រឹម​ឆ្នាំ​២០៣០ នៅ​ទូទាំង​ខ្សែ​ចង្វាក់​តម្លៃ​ទាំង​មូល​របស់​ខ្លួន។

សម្លឹង​ឆ្ពោះ​ទៅ​មុខ​ក្នុង​ឆ្នាំ​២០៤០ ក្រុមហ៊ុន​មាន​គោល​បំណង​សម្រេច​ឲ្យ​បាន​អព្យាក្រឹត​ភាព​កាបូន​នៅ​ក្នុង​ខ្សែ​ចង្វាក់​តម្លៃ​ពេញ​លេញ​របស់​ខ្លួន។ ក្រុមហ៊ុន​កំពុង​ទទួល​យក​វិធីសាស្រ្ត​ផ្អែក​លើ​វិទ្យាសាស្ត្រ តាម​រយៈ​ការ​ធ្វើ​ការ​ងារ​យ៉ាង​ជិតស្និទ្ធ​ជា​មួយ​គំនិត​ផ្តួច​ផ្តើម​ផ្នែក​វិទ្យាសាស្រ្ត​ផ្អែក​លើ​គោលដៅ (Science Based Targets initiative) ដើម្បី​​បញ្ជាក់​ពី​​ការ​ប្តេជ្ញាចិត្ត​ថ្មី​របស់​ខ្លួន។

ក្រៅពី​​​​ការប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​កិច្ចការពារ​បរិស្ថាន គោល​បំណង​របស់​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក៏​ដើម្បី​លើក​កម្ពស់​ពិភពលោក​មួយ​ប្រកប​ដោយ​បរិយាបន្ន យុត្តិធម៌ និងសមធម៌ ខណៈ​ពេល​ដែល​​ជំរុញ​ឱ្យមានការ​ពិសារ​​​គ្រឿង​ស្រវឹង​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ ដែល​​ទាំង​នេះ​គឺ​ជា​សសរស្តម្ភ​សំខាន់​២ ផ្សេង​ទៀត​នៃ​គោលបំណង​ «ចូល​រួម​អភិវឌ្ឍ​កម្ពុជា​ដ៏​ល្អ​ប្រសើរ» របស់​ក្រុមហ៊ុន៕

To Top