ម៉ូស្គូ ៖ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា ខ្លួននឹងផ្អាកការចរចា សម្រាប់សន្ធិសញ្ញាសន្តិភាព ក្រោយសង្គ្រាម ជាមួយជប៉ុន ដែលចាត់ទុកថា ជាប្រតិកម្មជាក់ស្តែង ចំពោះការដាក់ទណ្ឌកម្ម របស់ជប៉ុនប្រឆាំងនឹងទីក្រុងមូស្គូ ចំពោះការឈ្លានពាន អ៊ុយក្រែន ដែលជំរុញឱ្យទីក្រុងតូក្យូតវ៉ា ចំពោះចំណាត់ការនេះ កាលពីថ្ងៃអង្គារ ។
រុស្ស៊ីក៏បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនកំពុងបញ្ឈប់កម្មវិធីគ្មានទិដ្ឋាការ ដែលអនុញ្ញាតឱ្យអតីតប្រជាជនជប៉ុន ទៅលេងកោះហុកកៃដូ ដែលគ្រប់គ្រងដោយរុស្សី និងទាមទារដោយជប៉ុន ស្របពេលដែលបង្ហាញថា ខ្លួននឹងដកខ្លួនចេញពីសកម្មភាព សេដ្ឋកិច្ចរួមគ្នានៅលើកោះជម្លោះ។
ខណៈដែលក្រសួងបានឲ្យដឹងថា សកម្មភាពប្រឆាំង រុស្ស៊ីរបស់ជប៉ុន នឹងត្រូវស្តីបន្ទោស ចំពោះការធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែយ៉ាប់យ៉ឺននោះ ទីក្រុងតូក្យូ បានបដិសេធការអះអាងនេះ ដោយនិយាយថា វាជារឿងខុសសម្រាប់ ទីក្រុងមូស្គូ ក្នុងការបកប្រែផលវិបាក នៃការឈ្លានពានអ៊ុយក្រែន ទៅជាទំនាក់ទំនងរវាងជប៉ុន-រុស្ស៊ី។
នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានប្រាប់កិច្ចប្រជុំគណៈកម្មាធិការដោយកត់សម្គាល់ថា “សកម្មភាពរបស់រុស្ស៊ី គឺមិនសមហេតុផល និងមិនអាចទទួលយកបានទាំងស្រុង” ។
អនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Takeo Mori បានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំប្រទេសជប៉ុនលោក Mikhail Galuzin ទៅកាន់ក្រសួងការបរទេស ក្នុងទីក្រុងតូក្យូ ដើម្បីប្រឆាំងនឹងការប្រកាស របស់រុស្ស៊ី ចំបោះការផ្អាកការចរចា សន្ដិភាពខាងលើនេះ៕
ប្រែសម្រួល ឈូក បូរ៉ា