ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា មិនអាចបង្កើតឲ្យមាន ឡូតិ៍នេសាទឡើងវិញដើម្បីឲ្យវិស័យឯកជនគ្រប់គ្រងទេ ព្រោះបើបង្កើតឡើង នឹងនាំឲ្យមានទំនាស់ រវាងថៅកែឡូតិ៍ និងកសិករដែលអាចនាំឲ្យ ឈានទៅដល់ការបាញ់សម្លាប់គ្នាផងដែរ ។
ការលើកឡើងរបស់សម្តេចនេះ ក្រោយមានការលើកឡើងថា ដើម្បីជួយសម្រាលបន្ទុកការគ្រប់គ្រងត្រី នៅបឹងទន្លេសាប ដោយសារមានបទល្មើសច្រើននោះ គួរបង្កើតឡូតិ៍នេសាទ ដើម្បីឲ្យឯកជនជួយគ្រប់គ្រង ព្រោះឯកជនមានកំលាំងគ្រប់គ្រាន់។
ប៉ុន្តែតបករណីនេះ សម្តេចមិនអាចធ្វើតាមសំណូមពរបានទេ ព្រោះឡូតិ៍នេសាទ ដែលបានបង្កើតឡើង១០០ឆ្នាំហើយ ត្រូវបានសម្តេចសម្រេចលុបចោលនៅឆ្នាំ២០១២ ដោយសារមានទំនាស់រវាងថៅកែឯកជន និងកសិករដែលនាំឲ្យថៅកែបាញ់សម្លាប់កសិករ ។ នេះជាប្រសាសន៍ របស់សម្តេចតេជោ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម នៅរសៀលថ្ងៃទី២៣ មីនា ។
ជាមួយគ្នានេះ ដើម្បីឲ្យមានការយល់ដឹង ក៏ដូចជាការក្រើនរំលឹកឡើងវិញ អំពីការលុបឡូតិ៍នេសាទកាលពីប្រមាណ ជា១០ឆ្នាំមុននោះ សម្តេចក៏បានឲ្យទូរទស្សន៍ជាតិកម្ពុជា ចាក់ផ្សាយឡើងវិញ នូវប្រសាសន៍សម្តេចប្រហែលជា៥ម៉ោង កាលពី១០ឆ្នាំមុនអំពីការលុបឡូតិ៍នេសាទនេះ ៕