ពេលថ្មីៗកន្លងទៅនេះ នៅសហរដ្ឋអាមេរិកបានកើតឡើងរឿងហេតុប៉ុន្មានករណីដែលគួរឱ្យភ័យខ្លាចយ៉ាងខ្លាំង ។ ពេលក្រុមលើកទឹកចិត្តនៃវិទ្យាល័យមួយនៅរដ្ឋ Texas របស់សហរដ្ឋអាមេរិកបានសម្តែងនៅសួនកម្សាន្ត Disney នៅពេលថ្មីៗកន្លងទៅនេះ ពួកគេបានស្រែកពាក្យស្លោកដែលមកពីវប្បធម៌ជនជាតិឥណ្ឌាអាមេរិកកាំងថា “ទៅបកស្បែកក្បាលរបស់ជនជាតិឥណ្ឌាអាមេរិកកាំង ទៅបកស្បែកក្បាលរបស់ពួកគេ”។
តើហេតុអ្វីបានជាសិស្សវិទ្យាល័យទាំងនោះអាចស្រែកពាក្យស្លោកដ៏ឃោរឃៅអ៊ីចឹង?រឿងនេះគឺមានដើមហេតុជាយូរណាស់មកហើយ ។
ចាប់តាំងពីអ្នកអាណានិគមនិយមដើរលើដីរបស់អាមេរិកខាងជើងមក ក៏ចាប់ផ្តើមអនុវត្តគោលនយោបាយប្រល័យពូជសាសន៍ចំពោះជនជាតិឥណ្ឌាអាមេរិកកាំងតាមផែនការដែរ ។ នៅឆ្នាំ១៨១៤ លោក James Madison ដែលជាប្រធានាធិបតីអាមេរិកកាលនោះបានប្រកាសបទបញ្ជាមួយថា ប្រគល់ស្បែកក្បាលមួយរបស់ជនជាតិឥណ្ឌាអាមេរិកកាំង រដ្ឋាភិបាលនឹងផ្តល់ប្រាក់រង្វាន់ពី៥០ដល់១រយដុល្លារអាមេរិក ។
នៅឆ្នាំ១៨៦៤ ដោយសារជនជាតិឥណ្ឌាអាមេរិកកាំងចំនួនតិចប្រឆាំងនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការលក់ដីធ្លី ដូច្នេះ លោក John Chivington គ្រូគង្វាលរបស់អាមេរិកបានបង្កើត “ការសម្លាប់រង្គាល Sand Creek ”ដ៏អាស្រូវឈ្មោះនៅតំបន់ភាគអាគ្នេយ៍នៃរដ្ឋ Colorado ។ ទាហានរបស់លោក John Chivington បានវះចេញស្បែកក្បាលរបស់ស្ត្រីនិងកុមារ កាត់ក្បាលរបស់ពួកគេ ហើយដង្ហែក្បួនបង្ហាញជាសាធារណៈបន្ទាប់ពីវិលត្រឡប់ទៅក្រុង Denver វិញ ។
ក្រៅពីនេះ សិស្សស្បែកសថ្នាក់ទី៨នៃសាលារៀនមួយនៅរដ្ឋ Carolina ខាងជើងរបស់អាមេរិកបានរៀបចំធ្វើ “ការលក់ដេញថ្លៃទាសករត្រាប់តាមការពិត”មួយលើក ដែលក៏គួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ ។
លោកស្រី Ashley Palmer ម្តាយរបស់សិស្សអាមេរិកម្នាក់បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់គាត់ថា មិត្តរួមថ្នាក់មួយចំនួនរបស់លោក Jeremiah ដែលជាកូនប្រុសស្បែកខ្មៅរបស់លោកស្រីបានរៀបចំធ្វើ “ការដេញថ្លៃទាសករ”មួយលើក នៅពេលថ្មីៗកន្លងទៅនេះ ហើយកូនប្រុសរបស់គាត់ត្រូវចាត់ទុកជាទាសករយកទៅលក់ដេញថ្លៃហើយ! លោកស្រី Ashley Palmer បានថ្លែងថា ពេលរៀបរាប់អំពីរឿងដែលត្រូវគេលក់ដោយដេញថ្លៃចំពោះលោកស្រី កូនប្រុសរបស់គាត់គឺមានភាពស្ងប់ស្ងាត់ណាស់ ហាក់ដូចជារឿងនេះគឺជារឿងធម្មតាមួយ ។ ចំណែកលោក Christy Wagner ដែលជាឳពុករបស់សិស្សស្បែកខ្មៅម្នាក់ទៀតដែលត្រូវគេលក់ដោយដេញថ្លៃបានថ្លែងថា តាមការពិត ទង្វើពូជសាសន៍និយមបែបនេះមិនត្រឹមតែបានកើតឡើងនៅស្រុក Chatham ប៉ុណ្ណោះទេ ថែមទាំងក៏បានកើតឡើងនៅរដ្ឋ Carolina ខាងជើងនិងតំបន់នានាទូទាំងសហរដ្ឋអាមេរិកទៀតផង ។
ការរើសអើងពូជសាសន៍ជាស្លាកស្នាមដ៏អាក្រក់ដែលមិនអាចបំភ្លេចបានបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក ។ គិតមកទល់បច្ចុប្បន្ននេះ ក្រុមជនជាតិភាគតិចដែលយកពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិកជាតំណាង នៅតែទទួលភាពអយុត្តិធម៌ឬអសមភាពយ៉ាងទូលំទូលាយក្នុងការរៀនសូត្រ រកការងារធ្វើនិងជីវភាពរស់នៅប្រចាំថ្ងៃជាដើម ។ នឹកស្មានមិនដល់ថា ក្នុងសាលារៀនដែលជាកន្លែងបង្រៀននិងអប់រំសិស្សនិងបណ្តុះបណ្តាលធនធានមនុស្សជូនចំពោះសង្គមនេះ សិស្សអាមេរិកបែរជាគិតថា “ការលក់ដូរទាសករ” និង“បកស្បែកក្បាលរបស់ជនជាតិឥណ្ឌាអាមេរិកកាំង”គឺជារឿងប្រក្រតី ។ អាចនិយាយបានថា នៅសហរដ្ឋអាមេរិក ការរើសអើងពូជសាសន៍បានក្លាយជាចរិតអាក្រក់ជាប្រព័ន្ធទៅហើយ ។ តើមនុស្សជំនាន់ក្រោយរបស់សហរដ្ឋអាមេរិកដែលធំធាត់ឡើងក្នុងប្រព័ន្ធអប់រំបែបនេះ អាចអនុវត្តតាមអ្វីដែលហៅថា “ប្រជាធិបតេយ្យ”និង “សិទ្ធិមនុស្ស”ដែលអាមេរិកបានអួតអាងទាំងនោះឬទេ?ចំណែកសមភាពពូជសាសន៍វិញក៏មុខជានឹងក្លាយជារឿងដែលមិនអាចសម្រេចបាននៅសហរដ្ឋអាមេរិកជាក់ជាមិនខាន។