តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់ លោក Hossein Amir Abdollahian ដែលកំពុងបំពេញទស្សនកិច្ច បានឲ្យដឹងថា ប្រទេសរបស់លោកជិតឈានដល់ កិច្ចព្រមព្រៀងមួយ ស្តីពីការស្ដារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ ជាផ្លូវការថាជាផែនការសកម្មភាព ទូលំទូលាយរួម (JCPOA) ។
លោក Amir Abdollahian បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំជាមួយ សមភាគី ស៊ីរី លោក Faisal Mekdad និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត នៅទីក្រុងដាម៉ាស់ឲ្យដឹងថា “យើងជឿជាក់ថាថ្ងៃនេះ ច្រើនជាងពេលណាៗ ទាំងអស់ យើងកាន់តែខិតទៅជិតការឈានដល់ កិច្ចព្រមព្រៀងមួយ និងបញ្ចប់កិច្ចព្រមព្រៀង នៅទីក្រុងវីយែន”។
លោកបានលើកឡើងថា “ប្រសិនបើអាមេរិក បានអនុម័តទស្សនៈជាក់ស្តែង និងដោះស្រាយជាក់ស្តែង ជាមួយបញ្ហានេះ ពួកយើងត្រៀមខ្លួនរួចរាល់ហើយ ដើម្បីប្រកាសកិច្ចព្រមព្រៀងនេះ” ។
លោកបានបន្ដថា “យើងបានធ្វើឱ្យសំណើចុងក្រោយ របស់យើង ទៅកាន់សហរដ្ឋអាមេរិក តាមរយៈអ្នកសម្របសម្រួល សហភាពអឺរ៉ុប” ដោយបន្ថែមថា អ៊ីរ៉ង់បានបញ្ជាក់យ៉ាងច្បាស់ ចំពោះភាគីអាមេរិក មិនឱ្យឆ្លងកាត់បន្ទាត់ក្រហម របស់ខ្លួនឡើយ។
អ៊ីរ៉ង់បានចុះហត្ថលេខាលើ JCPOA ជាមួយមហាអំណាចក្នុងឆ្នាំ២០១៥។ ទោះជាយ៉ាងណាក៏ដោយ អតីតសហរដ្ឋអាមេរិក លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានដកទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀងក្នុងខែឧសភា ឆ្នាំ២០១៨ ហើយបានដាក់ទណ្ឌកម្មឯកតោភាគីឡើងវិញលើទីក្រុងតេអេរ៉ង់ ។
គួរបញ្ជាក់ថា ចាប់តាំងពីខែមេសា ឆ្នាំ២០២១ ការចរចាចំនួន ៨ជុំត្រូវបានធ្វើឡើងនៅទីក្រុងវីយែន រវាងអ៊ីរ៉ង់ និងភាគី JCPOA ដែលនៅសេសសល់ ដោយមានសហរដ្ឋអាមេរិក ចូលរួមដោយប្រយោល ដើម្បីស្តារកិច្ចព្រមព្រៀងឡើងវិញ៕
ប្រែសម្រួល ឈូក បូរ៉ា