គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានស្នើឱ្យប្រទេសជប៉ុន ហាមឃាត់ការធ្វើពាណិជ្ជកម្ម ជាមួយរុស្ស៊ី ដើម្បីបញ្ឈប់នូវអ្វី ដែលលោកហៅថា “រលកយក្សស៊ូណាមិ” នៃការលុកលុយរបស់រុស្ស៊ី ចូលអ៊ុយក្រែន ខណៈដែលលោកបានសង្កត់ធ្ងន់ លើតម្រូវការក្នុងការ បង្កើនទណ្ឌកម្ម ដើម្បីដាក់ទណ្ឌកម្មលើ ទីក្រុងម៉ូស្គូ ។
ថ្លែងទៅកាន់សមាជិកសភាជប៉ុន តាមរយៈតំណភ្ជាប់វីដេអូ លោក Zelenskyy បានគូសបញ្ជាក់អំពីស្ថានភាព ” គ្រោះថ្នាក់បំផុត” នៃរោងចក្រថាមពល នុយក្លេអ៊ែរទាំងអស់ នៅក្នុងប្រទេសរបស់លោក បន្ទាប់ពីប្រទេសរុស្ស៊ី បានគ្រប់គ្រងទីតាំង នៃឧបទ្ទវហេតុ នុយក្លេអ៊ែរ Chernobyl ។ លោក បាន បន្ត ថា រុស្ស៊ី ក៏ ត្រូវបានគេនិយាយថា កំពុងរៀបចំប្រើ អាវុធគីមីផងដែរ ។
លោក Zelenskyy បានឲ្យដឹង នៅក្នុងសុន្ទរកថា និម្មិតលើកដំបូង ទៅកាន់សមាជិកសភាជប៉ុន ដោយមេដឹកនាំបរទេសថា “ប្រទេសជប៉ុន គឺជាប្រទេស អាស៊ីដំបូងគេ ដែលបានដាក់សម្ពាធ លើប្រទេសរុស្ស៊ី យើងចង់ឱ្យជប៉ុនបន្តធ្វើវា” ។
លោកបានលើកឡើងថា “ដើម្បីបញ្ឈប់រលកយក្សស៊ូណាមិ នៃការឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន វាជារឿងសំខាន់ ក្នុងការណែនាំការហាមឃាត់ ពាណិជ្ជកម្មជាមួយរុស្ស៊ី” ។
លោក Zelenskyy បានបង្ហាញខ្លួន នៅលើអេក្រង់ធំ នៅក្នុងបន្ទប់សន្និសិទ ដែលមានកញ្ចប់នៅក្នុងសភា នៅម៉ោងប្រហែល ៦ល្ងាច ខណៈដែលសមាជិកសភា ប្រហែល ៥០០នាក់បានទះដៃអបអរសាទររូបលោក ។ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងសមាជិកគណៈរដ្ឋមន្ត្រីផ្សេងទៀត ស្ថិតក្នុងចំណោមអ្នកចូលរួម ដែលបានស្តាប់សុន្ទរកថាប្រហែល ១២នាទី របស់លោកដែលនាំទៅ ដល់ការឈរបញ្ចេញមតិ ៕
ប្រែសម្រួល ឈូក បូរ៉ា