ព័ត៌មានជាតិ

អភិបាល ខេត្តកំពង់ចាម ជម្រុញដល់អាជ្ញាធរមូលដ្ឋាន ឲ្យខិតខំបម្រើសេវា សាធារណៈជូនប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរថែមទៀត

កំពង់ចាម ៖ អភិបាល ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានក្រើនរំលឹក ដល់អាជ្ញាធរមូលដ្ឋាន ឲ្យខិតខំបម្រើសេវា សាធារណៈជូនប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរថែមទៀត ។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ក្នុងពេល អញ្ជើញចុះសំណេះសំណាល ជាមួយអាជ្ញាធរស្រុកជើងព្រៃ នៅសាលាស្រុកជើងព្រៃ ។

លោកអភិបាលខេត្តថ្លែងថា អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធគ្រប់រូប ត្រូវបន្តចូលរួម ថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ការពារសន្តិសុខជាតិ ឲ្យបានរឹងមាំ និងត្រូវពន្លឿនការដោះស្រាយបញ្ហា វិវាទផ្សេងៗ ជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស ជៀសវាងទុកឲ្យមានការរាលដាល និងស្មុគស្មាញ ពិបាកដោះស្រាយនៅពេលក្រោយ ។

ត្រូវយកចិត្តទុកដាក់គាំទ្រ និងបង្កលក្ខណៈងាយស្រួល ដល់សកម្មភាពវិនិយោគកសិផល អាជីវកម្មនានា ក្នុងមូលដ្ឋាន ជាពិសេសផ្ដល់ការគាំទ្រ និងភាពអនុគ្រោះសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលជាវិស័យអាទិភាពចម្បង របស់ខេត្ត ស្របតាមគោលនយោបាយ និងគោលការណ៍ច្បាប់របស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ។

លោកអភិបាល ខេត្ត បានបញ្ជាក់ថា ត្រូវខិតខំសម្របសម្រួល និងពង្រឹងការផ្ដល់សេវា តាមរយៈការិយាល័យច្រកចេញចូលតែមួយ ដើម្បីបង្ក លក្ខណៈងាយស្រួល ជូនប្រជាពលរដ្ឋ មកទទួលសេវា។ ទន្ទឹមនឹងនេះ ត្រូវបន្តពង្រឹងសមត្ថភាពដល់មន្ត្រីផ្ដល់សេវានៅមូលដ្ឋាន ពិសេសមេឃុំ ស្មៀនឃុំ មេភូមិ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ត្រូវពង្រឹងការទទួលខុសត្រូវ ក្នុងការបំពេញការងារប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈនិងរួមគ្នាដោះស្រាយសំណូមពរ ឬបញ្ហាប្រឈមនានា នៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព ។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្តបានក្រើនរំលឹក និងជំរុញដល់អាជ្ញាធរមូលដ្ឋាន សូមឲ្យបង្កើនល្បឿន នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញជូនប្រជាពលរដ្ឋ កុមារ និង យុវវ័យ ដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍ សំដៅទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់បណ្ដាល មកពីការឆ្លងរីករាលដាល នៃជំងឺបំប្លែងខ្លួនថ្មី ប្រភេទ អូមីក្រុង ៕

To Top