ព័ត៌មានអន្តរជាតិ

លោក បៃដិន គំាទ្រចំពោះការដករុស្ស៊ី ចេញពីក្រុម G20

ប្រ៊ុចស៊ែល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងថា លោកពេញចិត្តចំពោះប្រទេសរុស្ស៊ីដែលត្រូវបាន ដកចេញពីក្រុម 20 (G20) ។

លោក បៃដិន បានថ្លែងសន្និសីទសារព័ត៌មានមួយ នៅឯទីស្នាក់ការកណ្តាល របស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា (NATO) នៅទីក្រុងប្រ៊ុចស៊ែល កាលពីថ្ងៃព្រហស្បតិ៍ថា ប្រសិនបើ រុស្ស៊ីមិនត្រូវបានដកចេញទេ យ៉ាងហោចណាស់អ៊ុយក្រែន ក៏គួរតែត្រូវបានអញ្ជើញ ឱ្យចូលរួមក្នុងក្រុម G20 ជាអ្នកសង្កេតការណ៍ ។

លោក បៃដិន ស្ថិតនៅក្នុងទីក្រុងប្រ៊ុចស៊ែល ដើម្បីចូលរួមកិច្ចប្រជុំកំពូលចំនួន៣ ដែលថ្លែងអំពីជម្លោះរុស្ស៊ី និងអ៊ុយក្រែន រួមមានកិច្ចប្រជុំកំពូលវិសាមញ្ញរបស់អង្គការ NATO កិច្ចប្រជុំកំពូលក្រុម G7 និងកិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុប ។

រុស្ស៊ី មិនបានធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់លោក បៃដិន ទេមកទល់ពេលនេះ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពី ថ្ងៃព្រហស្បតិ៍ថា សមាជិក NATO បានបង្ហាញពីភក្តីភាពរបស់ពួកគេចំពោះទីក្រុងវ៉ាស៊ីនតោន ដោយប្តេជ្ញាធ្វើតាមបញ្ជារបស់ខ្លួន ដែលមានគោលបំណង ទប់ស្កាត់រុស្ស៊ី ដល់ទីបំផុត ។

លោកស្រីបានឲ្យដឹងទៀតថា ទីក្រុងវ៉ាស៊ីនតោន ជាថ្មីម្តងទៀត “ដាក់វិន័យ” សម្ព័ន្ធមិត្តរបស់ខ្លួន ដោយដាក់សម្ពាធលើ ប្រទេសដែលមានអធិបតេយ្យ និងលុបបំបាត់ស្វ័យភាពជាយុទ្ធសាស្ត្ររបស់អឺរ៉ុបបន្ថែមទៀត ៕

ដោយ៖ម៉ៅ បុប្ផាមករា

To Top