បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានចោទប្រកាន់លោកខាងលិចថា បានចាប់ផ្តើម “សង្រ្គាមកូនកាត់, សង្គ្រាមយុទ្ធសាស្រ្ត” ប្រឆាំងនឹងប្រទេសរុស្ស៊ី ដោយនិយាយថា រលកនៃទណ្ឌកម្មនាពេលថ្មីៗនេះ មានគោលបំណង “បំផ្លាញ” សេដ្ឋកិច្ចរុស្ស៊ី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ការអត្ថាធិប្បាយរបស់លោក Sergey Lavrov នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំរបស់មូលនិធិការទូតសាធារណៈ Gorchakov នៅទីក្រុងមូស្គូកាលពីថ្ងៃសុក្រ ដែលលោក Lavrov បាននិយាយថា ការសងសឹករបស់លោកខាងលិចចំពោះការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីខែមុន ស្មើនឹង “សង្រ្គាម”។
លោកបាននិយាយថា “ថ្ងៃនេះយើងត្រូវបានប្រកាសថាជាសង្រ្គាមកូនកាត់ពិតប្រាកដ ដែលជាសង្រ្គាមយុទ្ធសាស្រ្ត” គាត់បាននិយាយថាពាក្យចុងក្រោយ “ត្រូវបានប្រើប្រាស់ដោយប្រទេសអាល្លឺម៉ង់របស់ហ៊ីត្លែរ” ហើយឥឡូវនេះត្រូវបានបញ្ចេញដោយអ្នកនយោបាយអឺរ៉ុបជាច្រើន នៅពេលពួកគេនិយាយអំពីអ្វីដែលពួកគេចង់ធ្វើជាមួយនឹងសហព័ន្ធរុស្ស៊ី”៕
ប្រែសម្រួលៈ ណៃ តុលា