ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ថា វិមានក្រឹមឡាំង បានលើកឡើងនៅថ្ងៃចន្ទនេះថា គណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន ទំនងជានឹងជួបចចារគ្នា នៅក្នុងប្រទេសតួកគីនៅថ្ងៃអង្គារ ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ ដោយដកស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ថា “ការពិតដែលវាត្រូវបានគេសម្រេចចិត្ត បន្តការចរចាដោយផ្ទាល់ គឺមានសារៈសំខាន់” ។
លោកបានមានថ្លែងថា “ថ្ងៃនេះ គណៈប្រតិភូកំពុងចាកចេញ ទៅកាន់ប្រទេសតួកគី… យើងរំពឹងថា តាមទ្រឹស្តី កិច្ចចរចាអាចបន្តនៅថ្ងៃស្អែក” ដោយបានលើកឡើងទៀតថា ការចរចាទំនងជាមិនចាប់ផ្តើមឡើងវិញ នៅថ្ងៃនេះនោះទេ ។
លោក Peskov បានកត់សម្គាល់ថា ខណៈដែលការចរចាទល់មុខគ្នា កាន់តែផ្តោតការយកចិត្តទុកដាក់ ហើយភាគីទាំង២ អាចគ្របដណ្តប់លើបញ្ហាកាន់តែច្រើននោះ វានៅតែមិនមានសញ្ញាច្បាស់លាស់ នៃការទម្លាយនោះទេ ។
ទន្ទឹមនឹងនេះដែរ លោក David Arakhamia សមាជិកនៃគណៈប្រតិភូអ៊ុយក្រែន បានប្រាប់ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine កាលពីថ្ងៃចន្ទថា ការចរចាសន្តិភាព បន្ទាប់រវាងអ៊ុយក្រែន និងរុស្ស៊ី នឹងចាប់ផ្តើមនៅថ្ងៃអង្គារ នៅប្រទេសតួកគី៕