ព័ត៌មានអន្តរជាតិ

ចិន ជំរុញឲ្យអាមេរិក យកចិត្ដទុកដាក់ ពីកង្វល់របស់ខ្លួន នៅពេលដោះស្រាយបញ្ហាអ៊ុយក្រែន

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក យកចិត្តទុកដាក់ ចំពោះការព្រួយបារម្ភរបស់ចិន នៅពេលដោះស្រាយបញ្ហាអ៊ុយក្រែន និងទំនាក់ទំនងរបស់ខ្លួន ជាមួយរុស្ស៊ី ហើយជៀសវាងការធ្វើឱ្យខូចសិទ្ធិ និងផលប្រយោជន៍ ស្របច្បាប់របស់ចិន។

អ្នកនាំពាក្យចិនលោក Wang Wenbin បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងសំណួរ អំពីសហរដ្ឋអាមេរិក ជុំវិញការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី។

លោក Wang បានលើកឡើងថា ទណ្ឌកម្មមិនមែនជាមធ្យោបាយ មានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហានោះទេ ហើយប្រទេសចិន ឈរយ៉ាងរឹងមាំប្រឆាំង នឹងការដាក់ទណ្ឌកម្មឯកតោភាគី និងយុត្តាធិការចង្អុរដៃ ដោយគ្មានមូលដ្ឋាន នៅក្នុងច្បាប់អន្តរជាតិ និងគ្មានអាណត្តិរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។ នេះជាជំហរជាប់លាប់របស់ចិន ទាំងក្នុងជំនួបបើកចំហនិងបិទទ្វារ។

លោក Wang បានបន្ដថាប្រទេសជាង ១៤០ ក្នុងចំណោមរដ្ឋសមាជិក អង្គការសហប្រជាជាតិជាង ១៩០ បានបដិសេធ មិនចូលរួមក្នុងការដាក់ទណ្ឌកម្ម លើប្រទេសរុស្ស៊ី ដែលជាសញ្ញាបង្ហាញថា ប្រទេសភាគច្រើនក្នុងពិភពលោក បានដោះស្រាយបញ្ហាទណ្ឌកម្ម ប្រកបដោយការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវ។

លោក Wang បានបន្ថែមថា “យើងសង្ឃឹមថាភាគីទាំងអស់ អាចស្ងប់ស្ងាត់ ដើម្បីផ្តោតលើការលើកកម្ពស់ កិច្ចចរចាសន្តិភាព ជាជាងបង្កើនការដាក់ទណ្ឌកម្ម និងធ្វើឱ្យជម្លោះកាន់តែធ្ងន់ធ្ងរឡើង”។

លោក Wang បានបញ្ជាក់ទៀតថា “បញ្ហានៅពេលនេះមិនមែនអំពីអ្នកណា ដែលចង់ជួយរុស្ស៊ីឱ្យជៀសផុត ពីការដាក់ទណ្ឌកម្មនោះទេ ប៉ុន្តែអំពីការពិតដែលថា ការផ្លាស់ប្តូរពាណិជ្ជកម្ម និងសេដ្ឋកិច្ចធម្មតា រវាងប្រទេសនានា”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top