ភ្នំពេញ ៖ លោកស្រី Im Jeong Hee អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិកូរ៉េ (KOICA) បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០២១ KOICA បានបើកផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៣៦១លានដុល្លារ សម្រាប់វិស័យអាទិភាព សំខាន់ៗចំនួន ៤ នៅកម្ពុជា។ នេះយោងតាមសេចក្ដីជូនព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
វិស័យអាទិភាពសំខាន់ៗ ចំនួន៤ នោះ រួមមាន ៖ អំប់រំ, ដឹកជញ្ជូន, អភិវឌ្ឍន៍ (ជនបទ) តាមតំបន់, ការគ្រប់គ្រងទឹក និងសុខមាសភាពសាធារណៈ។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ឈៀន យ៉ាណារ៉ា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការគណៈគម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍ កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ លោកស្រី Im Jeong Hee បានសម្ដែង ការកោតសរសើរ ចំពោះកិច្ចសហការដ៏ល្អ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហើយបានបញ្ជាក់ជំហរបន្តគាំទ្រដល់កម្ពុជា ដែលជាប្រទេសអាទិភាពខ្ពស់ ក្នុងកិច្ចសហប្រតិបត្តិការ។
លោកស្រី បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបានសមិទ្ធផលយ៉ាងធំធេង រហូតមកដល់បច្ចុប្បន្ន និងការដាក់ចេញនូវវិធានការ យ៉ាងមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ជំងឺកូវី៥-១៩ ប្រកបដោយជោគជ័យដ៏ត្រចះត្រចង់ រហូតឈានដល់ការបើក ប្រទេសឲ្យដំណើរការឡើង វិញលើគ្រប់វិស័យ។
លោកស្រីបញ្ជាក់ថា «ចាប់តាំងពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០២១ KOICA បានបើកផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៣១៦ លានដុល្លារអាមេរិក សម្រាប់វិស័យអាទិភាពសំខាន់ៗចំនួន ៤ គឺ៖ អប់រំ, ដឹកជញ្ជូន, អភិវឌ្ឍន៍(ជនបទ)តាមតំបន់, ការគ្រប់គ្រងទឹក និងសុខមាលភាពសាធារណៈ ។ គួរឲ្យកត់សម្គាល់ឃើញថា ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ ទំហំហិរញ្ញប្បទានដែលសាធារណរដ្ឋកូរ៉េបានបើកផ្ដល់ដល់កម្ពុជាមានការកើនឡើង ហើយទំហំហិរញ្ញប្បទាននេះនឹងបន្តកើនឡើង ថែមទៀតនាពេលអនាគត»។
លោក ឈៀន យ៉ាណារ៉ា រដ្ឋមន្ដ្រីប្រតិភូ អមនាយករដ្ឋមន្ដ្រី បានថ្លែងអំណរអរគុណដល់ KOICA ដែលបន្តការគាំទ្រដល់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារប្រទេសឡើងវិញ ពិសេសក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ-១៩។
លោក ក៏បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមយ៉ាងសកម្ម របស់ទីភ្នាក់ងារ KOICA ដែលបាននឹងកំពុងបន្តផ្តល់ហិរញ្ញប្បទាន ឥតសំណងសម្រាប់អនុវត្តគម្រោងយ៉ាងច្រើន ជាពិសេសការចូលរួមជា មួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់ជំនួយជាសម្ភារវិជ្ជសាស្ត្រ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា ៕