ព័ត៌មានជាតិ

អភិបាល ខេត្តកំពង់ចាម ដាក់គោលការណ៍ ៤ ចំណុច ដល់សាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្ត ដើម្បីអនុវត្តបន្តឆ្នាំ ២០២២

កំពង់ចាម ៖ នៅព្រឹកថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារ របស់សាខាសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្តខេត្តកំពង់ចាម ឆ្នាំ២០២១ និងទិសដៅឆ្នាំ ២០២២ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយស សាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្ត បានដាក់គោលការណ៍ ៤ ចំណុច ដល់សាខាសមាគម ដើម្បីអនុវត្តបន្ត ឆ្នាំ២០២២ ។

លោក អ៊ុន ចាន់ដា បានយកឱកាសនោះ ថ្លែងកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់បងប្អូន ដែលបានចូលរួម ធ្វើសកម្មភាព មនុស្សធម៌ ជួយដល់សង្គម ដោយបានចំណាយទាំងកម្លាំងកាយ ប្រាជ្ញាស្មារតី ធនធាន សម្ភារៈ ថវិកា ពេលវេលា សម្រេចបាននូវ សកម្មភាពជាច្រើន សម្រាប់ឆ្នាំ ២០២១ កន្លងមក ជាមួយនឹងការដាក់ចេញ នូវទិសដៅសម្រាប់អនុវត្តបន្ត លោកសូមលើកទឹកចិត្តបន្តទៀត ដោយសូមធ្វើការផ្តាំផ្ញើកិច្ចការមួយចំនួន ចំពោះថ្នាក់ដឹកនាំសាខាសមាគមទាំងអស់ដូចខាងក្រោម៖

ទី១ បន្តពង្រឹង និងពង្រីក រចនាសម្ព័ន្ធចាត់តាំងឱ្យកាន់តែល្អប្រសើរ តាំងពីថ្នាក់ខេត្តរហូតដល់ថ្នាក់ក្រុង-ស្រុក

ទី២ បន្តធ្វើសកម្មភាពមនុស្សធម៌ជួយដល់សង្គម ពិសេសនៅតាមបណ្តាវត្តអារាម។

ទី៣ សូមធ្វើការទំនាក់ទំនងសហការល្អជាមួយអង្គការសមាគមដ៏ទៃទៀតដូចជា៖ ក្រុមការងារយុវជនគណបក្សខេត្ត សសយក សមាគមនារី យុវជនស្រលាញ់សន្តិភាព ព្រះមេគណ ព្រះគ្រូ-អនុគណក្រុង/ស្រុក ព្រះចៅអធិការវត្ត ព្រះសង្ឃគ្រប់អង្គ និងអាជ្ញាធរមូលដ្ឋាន ។

ទី៤ សូមបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំល្អប្រសើរថែមទៀត។

បើតាម អនុប្រធានសាខា សមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម លោក ជា ក្រូច បានឲ្យដឹងថា ក្នុងរយៈពេលកន្លងទៅនេះ សាខាសមាគមបានជួបជាមួយសប្បុរសជនជាតិ,អន្តរជាតិ ចំនួន៨លើក និងបានដឹកនាំគ្រូពេទ្យស្ម័គ្រចិត្តចុះទៅពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺប្រគេន-ជូន ព្រះសង្ឃ យាយជី តាជី បងប្អូនប្រជាជន ដោយឥតគិតថ្លៃចំនួន៤លើក បានចូលរួមសកម្មភាពមនុស្សធម៌ចំនួន ៨៦លើក និងបានចុះទៅផ្សព្វផ្សាយ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋនិងនៅតាមវត្តអារាម ។ ជាមួយគ្នានេះសាខាសមាគម បាននាំយក នូវអំណោយដ៏ថ្លៃថ្លា ដែលជាមូលនិធិ លោក ហ៊ុន ម៉ានិត ប្រធានគណៈអចិន្ត្រៃយ៍សមាគម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ទៅប្រគេនព្រះសង្ឃ ដោយក្នុង ១វត្តៗ ទទួលបាន បច្ច័យចំនួន ២០ម៉ឺនរៀល, អង្ករ ៥ការ៉ុង, មី ២កេស, ទឹកត្រី ២យួរ,ទឹកស៊ីអីវ ២យួរ, ត្រីខ២ឡូ, ម៉ាស់ ៥ប្រអប់, ទឹកអាកុល៥លីត្រ, និងទឹកសុទ្ធ ៥កេស ព្រមទាំងបានជូនថវិកាមួយចំនួនដល់លោកយាយ លោកតា ពុទ្ធបរិស័ទ ដែលបានចូលរួមក្នុងពិធីនេះ ផងដែរ៕

To Top