ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នារសៀលថ្ងៃទី២៩ មីនានេះ បានអញ្ជើញផ្ដល់ព័ត៌មានជូនដល់បណ្ដាអង្គទូត និងទីភ្នាក់ងារជំនាញអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចជាលើកដំបូង របស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ឆ្នាំ២០២២ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅមុននេះបន្តិចលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលេីកឡេីងថា មិនខុសគ្នាពីសន្និសីទសារព័ត៌មាន កាលពីសប្តាហ៍មុន នៅពេលដែលលោក ទើបត្រឡប់មកដល់កម្ពុជាវិញ លោកបានផ្តល់នូវការវាយតម្លៃសង្ខេបលើបញ្ហានេះ និងទិសដៅអនាគតដែលយើងបានគ្រោងទុក។
លោកឧបនាយករដ្ឋមន្រ្តី គូសបញ្ជាក់ថា យើងក៏កំពុងទន្ទឹងរង់ចាំដំណើរទស្សនកិច្ចនាពេលខាងមុខរបស់លោកផ្ទាល់ ឬតំណាងរបស់ការិយាល័យប្រេសិតពិសេស ក្នុងស្មារតីជំរុញ១វឌ្ឍនភាពនៃការងារមួយនេះ ។
សូមរំលឹកថា ក្នុងនាមជាប្រេសិតពិសេស របស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារ នៅមីយ៉ាន់ម៉ា ពីថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២២ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផល ឈានទៅដល់ការបញ្ចប់អំពើហិង្សា ៕