ព័ត៌មានអន្តរជាតិ

ចិន៖ អាស៊ីមិនមែនជា “ក្តារអុក” សម្រាប់ប្រទេស មហាអំណាចនោះទេ

បរទេស ៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយថា អាស៊ីមិនមែនជា “ក្តារអុក” ដែលមហាអំណាច គួរប្រឈមមុខ ដាក់គ្នានោះទេ ដោយលោកសំដៅ លើការប្រឈមមុខដាក់គ្នា ខាងភូមិសាស្ត្រនយោបាយជុំវិញ ការវាយលុករបស់រុស្ស៊ី នៅអ៊ុយក្រែន ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ពេលត្រឡប់ពីធ្វើដំណើរទស្សនកិច្ចនៅប្រទេសប៉ាគីស្ថាន អាហ្វហ្គានីស្ថាន ឥណ្ឌា និងនេប៉ាល់ លោក Wang បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃចន្ទថា ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន រួមទាំងប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍មាន “ការព្រួយបារម្ភយ៉ាងខ្លាំង” អំពីការវិវត្តនៃជម្លោះ។

រដ្ឋមន្ត្រីបាននិយាយដោយសំដៅ លើការរឹតបន្តឹងដ៏តឹងរ៉ឹង ដែលដាក់លើទីក្រុងមូស្គូ ដោយលោកខាងលិចបន្ទាប់ពីមាន “ប្រតិបត្តិការពិសេស” របស់ខ្លួនថា ប្រទេសទាំងនោះមានការព្រួយបារម្ភយ៉ាងខ្លាំងថា ទណ្ឌកម្មឯកតោភាគីនឹងធ្វើឱ្យ ខូចខាតដល់ខ្សែសង្វាក់ឧស្សាហកម្ម និង ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ។

លោក Wang បានបន្ថែថា មាន “ការយល់ស្របទូទៅ” ក្នុងចំណោមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ថា “សង្គ្រាម ឬទណ្ឌកម្មមិនមែនជាដំណោះស្រាយដ៏ល្អ” ចំពោះវិបត្តិនេះនោះទេ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top