អត្ថបទ

ខ្មែរ ប៊ែវើរីជីស រៀបចំកម្មវិធីជួបជុំបុគ្គលិក និងតំណាងចែកចាយ ទូទាំងប្រទេស ពីផលិតផលថ្មី

ដើម្បីផ្តល់ព័ត៌មានលម្អិត អំពីផលិតផលថ្មីដែលពុំធ្លាប់មាន នៅកម្ពុជា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានរៀបចំកម្មវិធីជួបជុំ ជាមួយថ្នាក់ដឹកនាំ សហការី និងតំណាងចែកចាយ ទូទាំងប្រទេស ដែលតែងផ្តល់ការគាំទ្រ យ៉ាងពេញទំហឹង និងជ្រើសរើសផលិតផល របស់ក្រុមហ៊ុនយកទៅលក់បន្ត ប្រកបដោយទំនុកចិត្ត។

កម្មវិធីនេះ បានបង្ហាញជាលម្អិត អំពីលក្ខណៈពិសេស និងចំនុចទាក់ទាញរបស់ផលិតផលថ្មី ដែលធានាថា ផលិតផលថ្មីនេះនឹងជាជម្រើស របស់អតិថិជនបន្ទាប់ពីក្រុមហ៊ុន ដាក់លក់នៅក្នុងទីផ្សារ នាពេលឆាប់ៗខាងមុខនេះ។

កម្មវិធីនេះ ត្រូវបានធ្វើឡើងនៅឯរោងចក្រ ខ្មែរ ប៊ែវើរីជីស ដែលមានទីតាំង ស្ថិតតាមបណ្តោយផ្លូវលេខ ២១៧ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ខដង្កោ រាជធានីភ្នំពេញ ក្រោមការអញ្ជើញចូលរួម ជាគណអធិបតីពីសំណាក់លោកស្រី អ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង លោកស្រី តែ សុវណ្ណី អគ្គនាយិកាពហុពាណិជ្ជកម្ម និងសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង លោកឧកញ៉ា លាង ពៅ (ភីធើ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ព្រមទាំងថ្នាក់ដឹកនាំ គណៈគ្រប់គ្រង សហការី និងតំណាងចែកចាយទូទាំងប្រទេស។

អ្នកឧកញ៉ា លាង ឃុន បានមានប្រសាសន៍ថា៖ «ក្នុងរយៈពេលជាង ១០ ឆ្នាំមកនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបង្កើតស្នាដៃជាច្រើន ធ្វើឲ្យយើងទទួលបានការគាំទ្រ យ៉ាងខ្លាំងពីទីផ្សារ។ នេះគឺដោយសារតែគុណភាព និងសេវាកម្មល្អ នៃផលិតផលរបស់យើងនីមួយៗ ដែលបានផ្តល់ជូនដល់អតិថិជន។»

ទន្ទឹមនឹងនេះ អ្នកឧកញ៉ា លាង ឃុន ក៏បានសម្តែងការអរគុណ​ ដល់ក្រុមការងារគ្រប់ផ្នែក ក៏ដូចជាតំណាងចែកចាយទាំងអស់ ដែលបានរួមចំណែកយ៉ាងធំធេង ដល់ការរីកចម្រើនឥតឈប់ឈរ របស់ក្រុមហ៊ុន និងជំរុញ ខ្មែរ ប៊ែវើរីជីស ឲ្យបន្តពង្រីករោងចក្រជាបន្តបន្ទាប់ ដើម្បីផ្តល់នូវជម្រើស ផលិតផលថ្មីៗជាហូរហែ។

ក្រុមហ៊ុនគ្រោងធ្វើការផ្សព្វផ្សាយ និងដាក់លក់ផលិតផលថ្មីនេះ នៅក្នុងខែមេសាខាងមុខនេះ។

To Top