ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២២ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន បានជួបពិភាក្សាជាមួយលោក Don Pramudwinai ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ នៅសង្កាត់ Tunxi ខេត្តAn’hui ប្រទេសចិន ។
លោក Wang Yi បានថ្លែងទៀតថា ភាគីចិនរីករាយក្នុងការជំរុញ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ជាមួយភាគីថៃ ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការ រវាងចិននិងថៃ ស្ថិតនៅជួរមុខ នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ ។
ភាគីទាំងពីរត្រូវបង្កើនការពិគ្រោះពិភាក្សា អំពីផែនការកិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់និងផ្លូវ” និងផែនការប្រតិបត្តិរួម ពន្លឿនការកសាងផ្លូវដែកចិន-ថៃ ដើម្បីតភ្ជាប់ជាមួយផ្លូវដែកចិន-ឡាវនៅភាគខាងជើង របស់ប្រទេសថៃ ហើយពិគ្រោះពិភាក្សា អំពីការតភ្ជាប់ផ្លូវដែកថៃ សិង្ហបុរី និងម៉ាឡេស៊ីនៅភាគខាងត្បូង របស់ប្រទេសថៃ ដើម្បីជំរុញឱ្យកំណាត់កណ្តាល នៃផ្លូវរថភ្លើងអន្តរអាស៊ី តភ្ជាប់ទាំងស្រុង។
យកការអនុវត្ត《កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់(RCEP)》 ជាឱកាស ស្វែងរកសក្តានុពល នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យបច្ចេកវិទ្យាអេឡិចត្រូនិក សេដ្ឋកិច្ចឌីជីថល ថាមពលថ្មីជាដើម ។
តាមការឆ្លើយតប លោក Don Pramudwinai បានថ្លែងថា ភាគីថៃយកចិត្តទុកដាក់ខ្ពស់ ចំពោះការអនុវត្តគំនិតភាពរួមដ៏សំខាន់ ដែលមេដឹកនាំរបស់ប្រទេសទាំងពីរ បានឈានដល់ ហើយរីករាយរួមសហការ ជាមួយភាគីចិន ក្នុងការកសាង “ខ្សែក្រវាត់និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់ និងចូលរួមយ៉ាងសកម្ម ក្នុងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ដែលស្នើឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិន ។ សង្ឃឹមថា ថៃនិងចិនអាចពង្រឹង និងពង្រីកពាណិជ្ជកម្មកសិផល និងកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងដៃគូតភ្ជាប់គ្នា ធានាសុវត្ថិភាព នៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ ព្រមទាំងធ្វើឱ្យស៊ីជម្រៅ នូវការអភិវឌ្ឍប្រកបដោយចីរភាព ៕