DAP News

ព័ត៌មានជាតិ

សមាគមចំនួន៣ ដាក់ឲ្យអនុវត្តកម្មវិធី លទ្ធភាពទទួលបាន ហិរញ្ញប្បទាន (Video)

ភ្នំពេញ៖ ថ្មីៗនេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរួមគ្នាដាក់ឲ្យអនុវត្តកម្មវិធី លទ្ធភាពទទួលបានហិរញ្ញប្បទាន ហៅឈ្មោះជាភាសាអង់គ្លេសថា «Access to Finance Program (AFP)»។

យោងតាមសេចក្ដីប្រកាសព័ត៌មានរួម បានឲ្យដឹងថា កម្មវិធីនេះ មានគោលបំណងធ្វើឲ្យប្រសើរឡើង នូវលទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលកំណត់គោលដៅ ៥០ភាគរយជាសហគ្រិនស្ត្រី ដើម្បីទទួលបានហិរញ្ញប្បទាន ពីស្ថាប័នហិរញ្ញវត្ថុចូលរួម និងការកសាងសមត្ថភាព រួមមានការផ្តល់វគ្គបណ្តុះបណ្តាល អំពីការគ្រប់គ្រងសាច់ប្រាក់ ទុនបង្វិល ពិសេសការស្វែងយល់ អំពីរបាយការណ៍ហិរញ្ញវត្ថុ របស់សហគ្រាសមីក្រូ ធុនតូច និងមធ្យម។

ការដាក់ឱ្យអនុវត្តកម្មវិធី «លទ្ធភាពទទួលបានហិរញ្ញប្បទាន» គឺឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរួមគ្នា រវាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បន្ទាប់ពីបានចុះហត្ថលេខា លើអនុស្សារណៈ នៃកិច្ចព្រមព្រៀងភាពជាដៃគូ ក្នុងការចូលរួមចំណែក លើកកម្ពស់ និងបញ្ជ្រាបការយល់ដឹង ផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុ ក្នុងចំណោមសហគ្រិនវ័យក្មេង ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ។

នាឱកាសនោះ លោកឧកញ៉ា ប៉ិច បូឡែន អនុប្រធានប្រតិបត្តិសមាគម សហគ្រិនវ័យក្មេងកម្ពុជា បានថ្លែងថា កម្មវិធីនេះ នឹងរួមចំណែកបង្កើនលទ្ធភាព ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ដែលមានគុណភាព និងគាំទ្រដល់ការទទួលបាន ហិរញ្ញប្បទានកាន់តែប្រសើរ សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងពិសេសសហគ្រិនស្ត្រីនៅកម្ពុជា។

ដោយឡែក លោក Raymond Sia ប្រធានសមាគមធនាគារកម្ពុជា បានលើកឡើងថា កម្មវីធីលទ្ធភាពទទួលបានហិរញ្ញប្បទាននេះ គឺជាអាទិភាពដ៏សំខាន់មួយ ក្នុងចំណោមអាទិភាពសំខាន់ៗផ្សេងទៀត ដែលបានកំណត់ នៅក្នុងយុទ្ធសាស្រ្តជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩ – ២០២៥។

ស្រដៀងគ្នានេះដែរ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចូលរួមយ៉ាងសកម្ម ជាមួយភាគីពាក់ព័ន្ធ ជាពិសេសរាជរដ្ឋាភិបាល តាមរយៈការផ្តួចផ្តើម របស់ក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ក្នុងការបង្កើតធនាគារ សហគ្រាសធុនតូចនិងមធ្យមកម្ពុជា (SME Bank) ក៏ដូចជាសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលសុទ្ធតែមានគោលបំណង ជំរុញឱ្យសហគ្រាសនៅកម្ពុជា ទទួលបានដើមទុនងាយស្រួលជាងមុន ក្នុងអត្រាការប្រាក់ទាប ដើម្បីស្តារ ចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ខ្លួន។

លោកស្រី សាប៊ីន យ៉ៅគ្ក នាយិកាប្រចាំប្រទេសអង្គការ ផេកប្រចាំកម្ពុជា បានថ្លែងអំណរគុណ ចំពោះសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលបានសហការជាមួយ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងការបង្កើតឲ្យមាន កម្មវិធីលទ្ធភាពទទួលបាន ហិរញ្ញប្បទាន (Access to Finance Program) នេះឡើង។

លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានថ្លែងបញ្ជាក់ថា កម្មវិធី លទ្ធភាពទទួលបានហិរញ្ញប្បទាន ពិតជានឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។

សូមបញ្ជាក់ថា កម្មវិធី AFP ដែលបានអនុវត្តកន្លង ទៅទទួលបានលទ្ធផល គួរឲ្យកត់សម្គាល់ ក្នុងនោះ រួមមាន សហគ្រិនចំនួន ៧៣នាក់ ទទួលបានប្រាក់កម្ចី ដែលផ្តល់ដោយស្ថាប័នហិរញ្ញវត្ថុ ចូលរួម សហគ្រិន ២៣២នាក់ បានទទួលការកសាងសមត្ថភាព ពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុ និងសហគ្រិនចំនួន ២៧នាក់ បានទទួលជំនួយបច្ចេកទេស ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងអភិវឌ្ឍន៍ប្រព័ន្ធហិរញ្ញវត្ថុ ដែលបានផ្តល់ដោយក្រុមហ៊ុនបញ្ជី។ ដោយផ្អែកលើលទ្ធផលនេះ សមាគមទាំង៣ នឹងបន្តរអនុវត្តកម្មវិធីលទ្ធភាព ទទួលបានហិរញ្ញប្បទានឆ្នាំ២០២២ ដើម្បីបន្តរគាំទ្រសហគ្រិនទទួលបានហិរញ្ញប្បទាន៕

To Top