ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ជំរុញអាមេរិក ឲ្យមានភាពប្រាកដនិយម ដើម្បីជួយដល់កិច្ច ព្រមព្រៀងទីក្រុងវីយែន

តេអេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានជំរុញ ឱ្យសហរដ្ឋអាមេរិក “មានភាពប្រាកដនិយម” ដើម្បីជួយឈាន ដល់កិច្ចព្រមព្រៀង មួយនៅក្នុងកិច្ចចរចា នៅទីក្រុងវីយែន សំដៅធ្វើឱ្យកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ រស់ឡើងវិញ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាព ទូលំទូលាយរួម (JCPOA) ។

អ្នកការទូតអ៊ីរ៉ង់បានឲ្យដឹង នៅក្នុងបណ្ដាញធ្វីតធឺថា “ការទាមទារហួសហេតុ” របស់សហរដ្ឋអាមេរិកអាចនាំឱ្យមានការផ្អាកការចរចានៅទីក្រុងវីយែន ខណៈដែលអ៊ីរ៉ង់នឹង “មិនចុះចាញ់” ចំពោះការទាមទារបែបនេះឡើយ។

លោក Amir-Abdollahian ក៏បានចង្អុលបង្ហាញថា “កិច្ចព្រមព្រៀងមួយអាចឈាន ដល់ប្រសិនបើសហរដ្ឋអាមេរិក មានភាពប្រាកដនិយម” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅព្រឹកថ្ងៃដដែល អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បានឲ្យដឹងថា សហរដ្ឋអាមេរិក គួរតែទទួលខុសត្រូវ ចំពោះការអូសបន្លាយ ពេលកិច្ចចរចានៅទីក្រុងវីយែន។

អ៊ីរ៉ង់បានចុះហត្ថលេខាលើ JCPOA ជាមួយមហាអំណាច ក្នុងខែកក្កដា ឆ្នាំ២០១៥។ ទោះយ៉ាងណាក៏ដោយ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រៃ បានដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀង កាលពីខែឧសភា ឆ្នាំ២០១៨ ហើយបានដាក់ទណ្ឌកម្មឯកតោភាគីឡើងវិញ លើទីក្រុងតេអេរ៉ង់ ដោយជំរុញឱ្យសាធារណរដ្ឋអ៊ីស្លាម កាត់បន្ថយការប្តេជ្ញាចិត្តនុយក្លេអ៊ែរមួយចំនួន របស់ខ្លួនក្រោមកិច្ចព្រមព្រៀង ក្នុងការសងសឹក៕
ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top