ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ៖ ត្រៀមខ្លួន ជាស្រេច ក្នុងការបន្តការចរចា ជាមួយអារ៉ាប៊ីសាអូឌីត ដើម្បីដោះស្រាយ ការខ្វែងគំនិត

តេអេរ៉ង់ ៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានប្រកាសថា អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តកិច្ចចរចា ជាមួយអារ៉ាប៊ីសាអូឌីត ដើម្បីដោះស្រាយភាពខុសគ្នា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

លោក Saeed Khatibzadeh បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានប្រចាំសប្តាហ៍ របស់លោកថា “យើងត្រៀមខ្លួនរួចជាស្រេច សម្រាប់ការបន្តកិច្ចពិភាក្សា និងសម្រាប់ ការដោះស្រាយភាពខុសគ្នា។ យើងបានបញ្ជូន ទស្សនៈរបស់យើង ជាលាយលក្ខណ៍អក្សរ ទៅកាន់ភាគីអារ៉ាប៊ីសាអូឌីត ហើយពួកគេគួរតែបង្ហាញ ពីទស្សនៈរបស់ពួកគេវិញ” ។

ដោយការស្វាគមន៍ជាថ្មីរបស់អ៊ីរ៉ង់ ចំពោះបទ ឈប់បាញ់នៅយេម៉ែន លោកបានលើកឡើងថា នេះ “គួរតែត្រូវបានបញ្ចប់ ជាមួយនឹងការចាប់ផ្តើម នៃកិច្ចសន្ទនាផ្ទៃក្នុងយេម៉ែន ហើយយើង គួរតែរង់ចាំលទ្ធផល” ។

បន្ទាប់ពីបទឈប់បាញ់ រយៈពេលពីរខែ ដែលគាំទ្រដោយអង្គការសហប្រជាជាតិ ក្នុងប្រទេស យេម៉ែន លោក Khatibzadeh កាលពីថ្ងៃសៅរ៍ បានសម្តែងក្តីសង្ឃឹមថា គំនិតផ្តួចផ្តើមសន្តិភាពអាចជាបុព្វហេតុមួយ ក្នុងការលុបបំបាត់ទាំងស្រុង នូវការឡោមព័ទ្ធលើប្រជាជនយេម៉ែន និងការបង្កើតបទឈប់បាញ់ ជាអចិន្ត្រៃយ៍ ដើម្បីស្វែងរកដំណោះស្រាយ នយោបាយ ចំពោះវិបត្តិ ។

ប្រទេសយេម៉ែន បានជាប់គាំងនៅក្នុងសង្រ្គាមស៊ីវិល ចាប់តាំងពីចុងឆ្នាំ២០១៤ នៅពេលដែលកង ជីវពល Houthi គាំទ្រដោយអ៊ីរ៉ង់ បានដណ្តើមកាន់កាប់ខេត្តភាគខាងជើងជាច្រើន និង បានបង្ខំរដ្ឋាភិបាលដែលគាំទ្រ ដោយអារ៉ាប៊ីសាអូឌីត របស់ប្រធានាធិបតីលោក Abd-Rabbu Mansour Hadi ចេញពីរដ្ឋធានីសាណា ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top