ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ចិន និងអឺរុប ត្រូវធ្វើជាកម្លាំងធំទាំងពីរ សម្រាប់គាំពារ សន្តិភាពពិភពលោក

ពេលថ្មីៗនេះ លោកXi Jinpingប្រធានរដ្ឋចិន បានលើកឡើង ក្នុងពេលជួបពិភាក្សាការងារ ជាមួយលោកMichel ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងលោករស្រី Von der Leyen ប្រធានគណៈកម្មាធិការ សហភាពអឹរ៉ុប តាមប្រព័ន្ធវីដេអូ នៅទីក្រុងប៉េកាំងថា ចិននិងអឺរុប ត្រូវធ្វើជាកម្លាំងធំទាំងពីរ សម្រាប់គាំពារសន្តិភាពពិភពលោក ត្រូវយកស្ថិរភាពនៃទំនាក់ទំនង រវាងចិននិងអឺរ៉ុបមកឆ្លើយតប នឹងភាពមិនប្រាកដប្រជា របស់ស្ថានភាពអន្តរជាតិ។

សន្តិភាព គឺជាលក្ខខណ្ឌអាទិភាព នៃការអភិវឌ្ឍ។ ចំពោះវិបត្តអ៊ុយក្រែន ចិននិងអឺរ៉ុប មានតម្រូវការខាងសន្តិភាពដូចគ្នា ។ ជាពិសេស អឺរ៉ុបមានការចាប់អារម្មណ៍ ជ្រាលជ្រៅបំផុតថា ការដោះស្រាយវិបត្តអ៊ុយក្រែន ដោយសន្តិវិធី វាសមស្របនឹងផលប្រយោជន៍ ជាគន្លឹះរបស់អឺរ៉ុប។ ក្នុងការជួបចរចារតាមប្រព័ន្ធ វីដេអូលើកនេះ លោកXi Jinping ប្រធានរដ្ឋចិន បានលើកឡើង នូវមតិ៤ចំណុច ស្តីអំពីការដោះស្រាយ វិបត្តអ៊ុយក្រែនម្តងទៀត ដោយសង្កត់ធ្ងន់ថា ត្រូវប្រកាន់ខ្ជាប់ នូវការជំរុញការចរចារ ដោយសន្តិវិធី ត្រូវបង្ការកុំអោយកើតមាន វិបត្តមនុស្សធម៌ ក្នុងទ្រង់ទ្រាយកាន់តែធំ ត្រូវបង្កើតសន្តិភាពយូអង្វែង នៃអឺរ៉ុបនិងអឺរ៉ាស៊ី ត្រូវបង្ការមិនអោយការប៉ះទង្គិច កាន់តែធំឡើង ។

មតិ៤ចំណុចនេះ មិនត្រឹមតែបានយកចិត្តទុកដាក់ លើការដោះស្រាយវិបត្ត នាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ថែមទាំងក៏ផ្តោតសំខាន់ ទៅលើសន្តិសុខយូរអង្វែង របស់អឺរ៉ុបនិងភាពនឹងនរ របស់ស្ថានការណ៍ពិភពលោកផងដែរ ដែលបានបង្ហាញអោយឃើញ គោលជំហរជាគោលការណ៍តែមួយ ជាប់រហូតរបស់ភាគីចិន ក្នុងបញ្ហាអ៊ុយក្រែន ។

ក្នុងនាមជាទីផ្សារធំទាំងពីរពិភពលោក កិច្ចសហប្រតិបត្តិការ ដោយបើកចំហរវាងចិន និងអឺរ៉ុប នឹងនាំមកកត្តាស្ថិរភាព កាន់តែច្រើនដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក ។

បន្ទាប់ពីប្រទេសចិន ក្លាយទៅជាដៃគូពាណិជ្ជកម្មធំបំផុត របស់សហភាពអឺរ៉ុប ជាលើកដំបូងនៅឆ្នាំ២០២០មក នៅឆ្នាំ២០២១ ទំហំសរុប នៃការនាំចេញនាំចូល រវាងចិន និងសហភាពអឺរ៉ុបបានឡើង ដល់ ៨២៨​,១០០លានដុល្លារអាមេរិក ដែលបានកើនឡើង ២៧.៥ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ បានបំបែកកំណត់ត្រាថ្មី ក្នុងប្រវត្តិសាស្ត្រ ។ តាមរបាយការណ៍ នៃការស្ទង់ជំនឿចិត្ត ពាណិជ្ជកម្មឆ្នាំ២០២១ ដែលសភាពាណិជ្ជកម្មចិន និងសហភាពអឺរ៉ុប បានប្រកាស បានបង្ហាញអោយឃើញថា សហគ្រាសសហភាពអឺរ៉ុប នៅប្រទេសចិន ចំនួន៦៨ភាគរយ មានអាកប្បកិរិយាសុទិដ្ឋិនិយម ចំពោះកំណើនអាជីវកម្ម ដែលកើនឡើង២០ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០។

ក្នុងការជួបចរចារ តាមវីដេអូលើកនេះ ភាគីចិនបានលើកឡើងថា នឹងប្រកាន់ខ្ជាប់យ៉ាងមុតមាំមិនងាករេ នូវការធ្វើកំណែទម្រង់ អោយកាន់តែស៊ីជម្រៅ ពង្រីកការបើកចំហ ស្វាគមន៍សហគ្រាសអឺរ៉ុបមក វិនិយោគនៅប្រទេសចិន ក្នុងពេលជាមួយគ្នានេះ រំពឹងទុកថា ភាគីអឺរ៉ុបអាចផ្តល់បរិយាកាសដែលប្រកបដោយយុត្តធម៌ តម្លាភាពនិងលក្ខណៈមិនរើសអើង សម្រាប់សហគ្រាសចិន ទៅវិនិយោគនិងអភិវឌ្ឍន៍នៅ អឺរ៉ុប។

ចំពោះគំនិតផ្តួចផ្តើមរបស់ លោក Xi Jinping អ្នកដឹកនាំអឺរ៉ុបបានឆ្លើយតបយ៉ាងសកម្ម ដោយបានបង្ហាញថា រីករាយចិត្តធ្វើកិច្ចសហប្រតិបត្តិការ គ្រប់វិស័យអោយកាន់តែស៊ីជម្រៅ ជាមួយភាគីចិន ដើម្បីធ្វើការខិតខំប្រឹងប្រែង ក្នុងការជំរុញសន្តិភាព កំណើនសេដ្ឋកិច្ច និងភាពរុងរឿងថ្កុំថ្កើងរួមគ្នា របស់ពិភពលោក។ ទាក់ទននឹងបញ្ហាអ៊ុយក្រែន ភាគីទាំងពីរចិន និងអឺរ៉ុប បានឈានដល់ការឯកភាពសំខាន់ៗ ពោលគឺប្រកាន់ខ្ជាប់ ការចរចារដោយសន្តិភាព និងប្រកាន់ខ្ជាប់ នូវដំណោះស្រាយបញ្ហា តាមផ្លូវការទូត ។

យើងអាចព្យាករណ៍ថា ការពង្រីកនិងពង្រឹង កិច្ចសហប្រតិបត្តការ រវាងចិននិងអឺរ៉ុប ដែលជាកម្លាំងធំទាំងពីរ ទីផ្សារធំទាំងពីរ និងជាអរិយធម៌ធំទាំងពីរនេះ នឹងបំពេញបន្ថែមកម្លាំងវិជ្ជមាន កាន់តែច្រើនដល់សន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោក នេះហើយក៏ជាអត្ថន័យសំខាន់ ជាងគេរបស់ការជួបចរចារ លើកនេះផងដែរ៕

To Top