ព័ត៌មានជាតិ

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ កំពុងមានវិធានការ លើជនអន្ដោប្រវេសជាង៦ ពាន់នាក់

ភ្នំពេញ ៖ ក្រោយបានពិនិត្យឃើញ មានជនអន្តោប្រវេសន៍ចំនួន ៦.៦១៤នាក់ មិនមកបន្តសុពលភាពបណ្ណស្នាក់នៅអចិន្ត្រៃយ៍នៅកម្ពុជា អគ្គនាយកដ្ឋានអន្ដោប្រវេសន៍កំពុងមានវិធានការ ដើម្បីជំរុញឲ្យពួកគេមកបំពេញបែបបទ និងគោរពត្រឹមត្រូវតាមច្បាប់របស់កម្ពុជា។

យោងតាមរបាយការណ៍ ស្ដីពី លទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានឲ្យដឹងថា ជនអន្តោប្រវេសន៍ ដែលបានពាក្យសុំប្រកាសទទួលស្គាល់ និងបណ្ណស្នាក់នៅអចិន្ត្រៃយ៍ គិតត្រឹមថ្ងៃបិទឱសានវាទ (ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩) តាមរយៈយុទ្ធនាការជំរឿនស្ថិតិ ដកហូតឯកសាររដ្ឋបាលមិនប្រក្រតីចំនួន ២៨.៩៤៥គ្រួសារ មនុស្សចំនួន ៨៩.៧៨៦នាក់។

អគ្គនាយកដ្ឋានបន្ដថា ដើម្បីគ្រប់គ្រង ក្រសួងមហាផ្ទៃ បានផ្តល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ជូនអ្នកដែលមានអាយុ១៨ឆ្នាំឡើង ចំនួន ៦៥.១៦៨នាក់ ។ ជាមួយនោះ បានផ្តល់បណ្ណបន្តសុពលភាពដែលមានរយៈពេល២ឆ្នាំម្តង សរុបចំនួន ១៩.៥៦១បណ្ណ ក្នុងនោះ បានបន្តសុពលភាពលើកទី១ ចំនួន ១៥.៩៣៣នាក់, លើកទី២ ចំនួន ៣.៥៦៧នាក់, លើកទី៣ ចំនួន ៥២នាក់ និងលើកទី៤ ចំនួន៩នាក់។

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានបញ្ជាក់ថា «តាមការស្រាវជ្រាវ ទិន្នន័យនៃការផ្តល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ ពិនិត្យឃើញថា មានជនអន្តោប្រវេសន៍ចំនួន ៦.៦១៤នាក់ ដែលមិនមកបន្តសុពលភាព អគ្គនាយកដ្ឋានកំពុងមានវិធានការ ដើម្បីជំរុញឲ្យពួកគេគោរពត្រឹម ត្រូវតាមច្បាប់៕

To Top