ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានស្វាគមន៍នូវព័ត៌មានពិតពីគណបក្សភ្លើងទៀន អំពីការគំរាមកំហែងដល់គណបក្សខ្លួន នៅកន្លែងណា អ្នកណាអ្នកគំរាមកំហែង ដើម្បីសមត្ថកិច្ចងាយស្រួលធ្វើការដោះស្រាយ។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ សម្ដេច ស ខេង បានរំលឹកថា ថ្មីៗនេះ ក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យគណបក្សភ្លើងទៀន ចូលជួប ដើម្បីទទួលយកព័ត៌មានពីគណបក្សភ្លើងទៀន ហើយធ្វើការដោះស្រាយ។ សម្ដេច ថា នាឱកាសនោះ ក្រសួង ក៏ធ្វើការដោះស្រាយរួចរាល់ ផងដែរ។
សម្ដេច បានថ្លែងបញ្ជាក់ថា «ប៉ុន្ដែដោយឡែក ព័ត៌មានទាក់ទងថា មានការគំរាមកំហែង មានអីហ្នឹង វានៅមាន ឥឡូវ ខ្ញុំបញ្ជាក់ថា នៅកន្លែងណា ហើយអ្នកណា គំរាមយ៉ាងម៉េច?។ ឧទាហរថា ហាម មិនឲ្យលើកស្លាកសញ្ញា បាត់សណ្ដាប់ធ្នាប់សាធារណៈ ប៉ុន្ដែនៅកន្លែងណា រាយការណ៍ឲ្យច្បាស់មក»។
សម្ដេច បន្ដថា តើព័ត៌មានពិត ឬមិនពិត ក្រោយព័ត៌មានចេញផ្សាយថា ដកបណ្ណក្រីក្រ ក្រោយឈរធ្វើមេ ឃុំ-សង្កាត់ របស់គណបក្សភ្លើងទៀន។
សម្ដេច បានថ្លែងបញ្ជាក់ទៀតថា «យើងខ្ញុំ ស្វាមគមន៍ នៅព័ត៌មានដែរពិត ដើម្បីដោះស្រាយ នៅកន្លែងណា គេធ្វើអី ពេលណា ធ្វើយ៉ាងម៉េច? លទ្ធផលយ៉ាងម៉េច? ឲ្យដឹងច្បាស់មក ស្រួលដោះស្រាយ»។
សម្ដេច បន្ថែមថា ទាក់ទងទៅនឹងរឿងលុបឈ្មោះ គណបក្សភ្លើងទៀន ចេញពី ឃុំ-សង្កាត់ មួយចំនួននោះ គឺជារឿងរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គឺអនុវត្តតាមនិតីវិធី និងសិទ្ធិសម្រេចរបស់ គ.ជ.ប។
ជាងនេះទៅទៀត សម្ដេច ស ខេង បានណែនាំដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ ដល់គណបក្សនយោបាយ ដើម្បីធ្វើយ៉ាងណាឲ្យកិច្ចដំណើរការបោះឆ្នោត ឃុំ-សង្កាត់ នាពេលខាងមុខ ប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា ត្រឹមត្រូវ និងយុត្តិធម៌។ សម្ដេច ថា ការបោះឆ្នោត ឃុំ-សង្កាត់ នាពេលកន្លងទៅ គ្មានអំពើហិង្សាឡើយ ប្រព្រឹត្តទៅដោយរលូន ផងដែរ៕