ព័ត៌មានអន្តរជាតិ

ជប៉ុន​ នឹងបញ្ចេញ​ប្រេងបម្រុង ១៥​លានបារ៉ែល នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ IEA

តូក្យូ៖ រដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុននឹងបញ្ចេញប្រេងបម្រុងចំនួន ១៥លានបារ៉ែលបន្ថែមទៀត នៅក្នុងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ដោយសមាជិកនៃទីភ្នាក់ងារថាមពលអន្តរជាតិ ដើម្បីធ្វើឱ្យមានស្ថិរភាពទីផ្សារ ចំពេលមានការឈ្លានពាន របស់រុស្ស៊ីលើអ៊ុយក្រែន។

ការចេញផ្សាយនេះ ប៉ះពាល់ទាំងទុនបម្រុងឯកជន និងរដ្ឋ នឹងក្លាយជាផ្នែកមួយដ៏ធំបំផុត របស់ប្រទេស។  IEA ដែលមានសមាជិកចំនួន ៣១ប្រទេស ដែលកំពុងឆ្ពោះទៅមុខជាមួយនឹងការបញ្ចេញស្តុកប្រេងសរុបចំនួន ១២០លានបារ៉ែល ដែលដឹកនាំដោយសហរដ្ឋអាមេរិក។

នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានលើកឡើងថា វិភាគទានរបស់ជប៉ុន គឺធំជាងគេទីពីរបន្ទាប់ពី ៦០លានបារ៉ែលពីសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

លោក គីស៊ីដា បានប្រាប់អ្នកយកព័ត៌មានថា “ប្រទេសជប៉ុន នឹងធ្វើអ្វីដែលខ្លួនអាចធ្វើបានមុនកាលវិភាគ” ។ ជប៉ុន​បាន​សន្យា​មុន​នេះ​ក្នុង​ការ​បញ្ចេញ​ប្រេង​ចំនួន ៧,៥ លាន​បារ៉ែល ដែល​ស្មើ​នឹង​ការ​ប្រើ​ប្រាស់​ក្នុង​ស្រុក​ប្រហែល​៤ថ្ងៃ។

គិតត្រឹមចុងខែមករា ប្រទេសជប៉ុនបានរក្សាស្តុកប្រេងដែលមានសមត្ថភាពគ្របដណ្តប់ ១៤៦ថ្ងៃ នៅក្នុងទុនបំរុងរបស់រដ្ឋ និង ៨៧ថ្ងៃនៅក្នុងទុនបម្រុងឯកជន។ ហើយក៏មានទុនបម្រុងសម្រាប់រយៈពេល ៣ថ្ងៃទៀត ក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសផលិតប្រេង។

គួរបញ្ជាក់ថា IEA បានយល់ព្រមនៅក្នុង កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីវិសាមញ្ញមួយកាលពីដើមខែនេះថា ការបញ្ចេញស្ដុកប្រេងបន្ថែម គឺចាំបាច់ដើម្បីធ្វើឱ្យមាន ស្ថិរភាពទីផ្សារថាមពលពិភពលោក៕

ប្រែសម្រួល ឈូក បូរ៉ា

To Top