នៅរសៀលថ្ងៃទី ៨ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនា តាមទូរស័ព្ទជាមួយលោក Duterte ប្រធានាធិបតីហ្វីលីពីន ។
ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ប្រទេសចិន នឹងរក្សានិរន្តរភាព និងស្ថិរភាព នៃគោលនយោបាយ ចំពោះហ្វីលីពីន ហើយមានឆន្ទៈរួម ជាមួយហ្វីលីពីន ក្នុងការជំរុញ ទំនាក់ទំនង រវាងប្រទេសចិន និងហ្វីលីពីន ឱ្យវិវឌ្ឍរីកចម្រើន ទៅរកភាពល្អប្រសើរ និងបោះជំហាន ឈានទៅកម្រិតថ្មីជាបន្តបន្ទាប់ ។
លោក Xi Jinping បានសង្កត់ធ្ងន់ទៀតថា ការអភិវឌ្ឍ នៃស្ថានការណ៍អន្តរជាតិ នាពេលបច្ចុប្បន្ននេះ បានបង្ហាញជាថ្មីម្តងទៀតថា សន្តិសុខក្នុងតំបន់ មិនអាចសម្រេចបានដោយពឹងផ្អែក លើការពង្រឹងសម្ព័ន្ធភាព យោធានោះទេ ។
ប្រទេសចិនមានឆន្ទៈរួម ជាមួយប្រទេសហ្វីលីពីន និងបណ្តាប្រទេសផ្សេងៗ ក្នុងតំបន់ ដើម្បីប្រកាន់ខ្ជាប់នូវ គំនិតទស្សនៈសន្តិសុខ ដែលប្រកបដោយភាព រួបរួម ភាពចម្រុះ កិច្ចសហប្រតិបត្តិការ និង និរន្តរភាព ក្តាប់ជាប់សិទ្ធិដឹកនាំសន្តិសុខ តំបន់ក្នុងដៃរបស់ខ្លួន ដើម្បីរួមគ្នាគាំពារ សន្តិភាពនិងស្ថិរភាព ក្នុងតំបន់ដែលទទួលបានមិនងាយស្រួល និងជំរុញការកសាងសហគមន៍ រួមវាសនារបស់មនុស្សជាតិ ។
លោក Duterte បានថ្លែងថា ភាគីហ្វីលីពីនមានឆន្ទៈក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាមួយភាគីចិន បន្តពង្រឹងទំនាក់ទំនងទ្វេភាគី និងស្វាគមន៍សហគ្រាសចិន ដែលមកបណ្តាក់ទុននិងធ្វើកិច្ចសហប្រតិបត្តិការ នៅប្រទេសហ្វីលីពីន ។ ហ្វីលីពីនមានឆន្ទៈសហការជាមួយចិន ដើម្បីដោះស្រាយបញ្ហាសមុទ្រ ចិនខាងត្បូង ឱ្យបានសមរម្យបង្កើតជាគំរូ សម្រាប់ការដោះស្រាយជម្លោះ ដោយសន្តិវិធី និងគាំពារ សន្តិភាព និងស្ថិរភាពក្នុងតំបន់ ៕