ព័ត៌មានអន្តរជាតិ

Update: ប្លុកយោធាណាតូ នឹងដាក់ពង្រាយកងកម្លាំង ជារៀងរហូតនៅលើផ្នែកខាងកើត ដើម្បីរារាំងប្រទេសរុស្ស៊ី

បរទេស៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា ប្លុកយោធាមួយនេះនឹងដាក់ពង្រាយកម្លាំងយោធាពេញលក្ខណៈ អចិន្ត្រៃយ៍នៅលើផ្នែកខាងកើត ដើម្បីរារាំងប្រទេសរុស្ស៊ី។ ចំណាត់ការនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹង យុទ្ធនាការយោធារបស់ ទីក្រុងម៉ូស្គូ ប្រឆាំងនឹងអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយដោយសារព័ត៌មាន The Telegraph កាលពីថ្ងៃសៅរ៍ លោក Stoltenberg បានពន្យល់ថា អង្គការយោធាដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ បានផ្តោតលើ “ការផ្លាស់ប្តូរជាមូលដ្ឋាន” ដើម្បីឆ្លុះបញ្ចាំងឱ្យកាន់តែប្រសើរឡើងអំពី “ការពិតថ្មី” នៅអឺរ៉ុប។

លោកបាននិយាយថា “ឥឡូវនេះយើងបានស្នើឱ្យមេបញ្ជាការយោធារបស់យើងផ្តល់ជម្រើស សម្រាប់អ្វីដែលយើងហៅថា ការកំណត់ឡើងវិញ ការសម្របខ្លួនរយៈពេលវែងជាងរបស់ណាតូ” ដោយបន្ថែមថា ការសម្រេចចិត្តលើបញ្ហានេះ ត្រូវបានគេរំពឹងទុកនៅក្នុងកិច្ចប្រជុំកំពូល របស់ប្លុកនៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ក្នុងខែមិថុនាខាងមុខ៕

ប្រែសម្រួលៈ ណៃ តុលា

To Top