ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញប្រារព្ធទិវាសប្ដាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៣ នៅមណ្ឌលកីឡដ្ឋានបាល់បាត់វាលបែកចាន ស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សូមបញ្ជាក់ថា ទិវាសប្ដាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ គឺជាព្រឹត្តិការណ៍ផ្តួចផ្តើមឡើងដោយ គណៈកម្មាធិការសេដ្ឋកិច្ចនិងសង្គមសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UNESCAP) ដែលតម្រូវឲ្យប្រទេសជាសមាជិករៀបចំ នៅក្នុងអំឡុងខែឧសភា ជារៀងរាល់ឆ្នាំ ដើម្បីជាការក្រើនរំលឹកដល់ ប្រជាពលរដ្ឋនៅទូទាំងពិភពលោក ជាពិសេសប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលរួមមានប្រទេសកម្ពុជាផងដែរ ចូលរួមបង្កើនស្មារតី យកចិត្តទុកដាក់ទប់ស្កាត់ ឲ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឲ្យមានការបាត់បង់អាយុជីវិតមនុស្ស ទ្រព្យសម្បត្តិរដ្ឋ និងឯកជនយ៉ាងច្រើន។
ការរៀបចំពិធីនាពេលនេះ ក៏ជាចំណែកនៃឆន្ទៈ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រដល់ទិវាសប្ដាហ៍ជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោកលើសកលលោក ។ ដោយឡែកសម្រាប់កម្ពុជា ការប្រារព្ធទិវានេះ គឺជាឱកាសដ៏ប្រពៃ ថ្លៃថ្លាសម្រាប់ប្រជាពលរដ្ឋខ្មែរ ស្របទៅនឹងស្ថានភាពបច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ធ្វើឲ្យសង្គមជាតិមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសមានផ្លូវស្ពានតភ្ជាប់ ជាក្រឡាចត្រង្គទៅគ្រប់ទិសតំបន់ ក្នុងប្រទេស និងភ្ជាប់ជាមួយប្រទេសជិតខាង និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋកម្ពុជា កាន់តែមានលក្ខណៈល្អប្រសើរ ជាបន្តបន្ទាប់ អាចមានលទ្ធភាពទិញនូវយានយន្តសម្រាប់ ប្រើប្រាស់ និងធ្វើដំណើរ ការប្រកបរបរចិញ្ចឹមជីវភាពប្រចាំថ្ងៃ ព្រមទាំងដំណើរទេសចរណ៍ ការធ្វើពាណិជ្ជកម្ម ផ្លាស់ប្តូរផលិតផលនៅក្នុងផ្ទៃប្រទេស ជាមួយប្រទេសជិតខាងយ៉ាងមមាញឹក៕