ប៉េកាំង៖ ប្រទេសចិន នៅថ្ងៃចន្ទនេះបានឲ្យដឹងថាខ្លួន នឹងរក្សាគោលនយោបាយទំនាក់ទំនងមិត្តភាព ជាមួយប៉ាគីស្ថានមិនថាស្ថានភាពនយោបាយក្នុងប្រទេសប៉ាគីស្ថាន ប្រែប្រួលយ៉ាងណានោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីជៀន បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទសារព័ត៌មានមួយ នៅពេលឆ្លើយសំណួរទាក់ទងនឹងរដ្ឋសភាប៉ាគីស្ថាន ដែលអនុម័តសំណើគ្មានទំនុកចិត្ត ប្រឆាំងនឹងនាយករដ្ឋមន្ត្រី Imran Khan កាលពីថ្ងៃទី១០ ខែមេសា។
លោក ចាវ បានលើកឡើងថា “ក្នុងនាមជាអ្នកជិតខាង និងមិត្តជិតស្និទ្ធរបស់ប៉ាគីស្ថាន យើងសង្ឃឹមយ៉ាងស្មោះថា បក្សពួកទាំងអស់នៅក្នុងប្រទេសប៉ាគីស្ថាននឹងនៅតែរួបរួម និងរួមគ្នាការពារស្ថិរភាព និងការអភិវឌ្ឍន៍ជាតិទាំងមូលរបស់ពួកគេ”។
លោក ចាវ បានបន្ថែមថា “យើងជឿថាការផ្លាស់ប្តូរ នៅក្នុងស្ថានភាពនយោបាយរបស់ប៉ាគីស្ថាន នឹងមិនប៉ះពាល់ដល់ស្ថានភាពទាំងមូលនៃទំនាក់ទំនង ចិន-ប៉ាគីស្ថាននោះទេ”៕ ប្រែសម្រួល ឈូក បូរ៉ា