ព័ត៌មានជាតិ

អនុប្រធានមន្ទីរកសិកម្ម និងប្រធានមេព្រៃ រងការរិះគន់ថា កំពុងធ្វើឲ្យអ្នកវិនិយោគ អស់ទំនុកចិត្តហើយ

ភ្នំពេញ ៖ យោងតាមប្រភពដែលទទួលបាន គឺក្រុមហ៊ុនអភិវឌ្ឍរបស់ចិនមួយដែលបានមកបណ្ដាក់ទុនរកស៊ីនៅក្នុងខេត្តកំពង់ស្ពឺ កំពុងតែបង្ហាញក្តីកង្វល់អំពីការអភិវឌ្ឍរបស់ខ្លួន ត្បិតតែជំនាញកសិកម្ម និងមេព្រៃបានរួមដៃគ្នាធ្វើទុក្ខបុកម្នេញ ចំពោះក្រុមហ៊ុនមិនចេះឈប់ឈរ។

ករណីនេះ តំណាងក្រុមហ៊ុនកំពុងតែពិចារណាដាក់ពាក្យបណ្ដឹងទៅស្ថាប័នមានសមត្ថកិច្ច ជាពិសេសស្នើសុំឲ្យលោករដ្ឋមន្ត្រីក្រសួងកសិកម្ម មេត្តាជួយពិនិត្យសកម្មភាពមន្ត្រីក្រោមឱវាទផង។

ជាក់ស្ដែងកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ គេបានឃើញវត្តមានលោក យឹម ណន អនុប្រធានមន្ទីរកសិកម្ម និងលោក ផល មុនី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ បានចុះទៅដល់ទីតាំងដីរបស់ក្រុមហ៊ុន ស្ថិតនៅក្នុងឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងធ្វើការសំអាតដើម្បីអភិវឌ្ឍន៍។

វត្តមានរបស់លោកទាំងពីរ ដែលចុះទៅដល់ទីតាំងដីនេះ ត្រូវបានប្រភពប្រាប់ថា លោកចុះមកធ្វើការ និងបញ្ឈប់មិនឲ្យមានការសម្អាតដីរបស់ក្រុមហ៊ុនឡើយ មិនដឹងថា ក្រោមហេតុផលអ្វី ឬទទួលបានបេសកកម្មពីថ្នាក់ដឹកនាំណានោះទេ ទើបលោកទាំងពីរចុះមកបែបនេះ។

លោកនាយកក្រុមហ៊ុន និងលោក អ៊ុង គង្គា តំណាងក្រុមហ៊ុន បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ថា លោកពិតជាមិនយល់ទាល់តែសោះថា ហេតុអ្វីបានជាលោក យឹម ណន និងលោក ផល មុនី ចេះតែមករឿងក្រុមហ៊ុនម្ដងហើយម្ដងទៀត? ខណៈដែលក្រុមហ៊ុនបានចំណាយលុយអស់រាប់ម៉ឺនដុល្លារទៅឲ្យលោកទាំងពីរ ក្នុងការដែលក្រុមហ៊ុនចុះមកធ្វើការវិនិយោគនៅតំបន់នេះ។

លោក អ៊ុង គង្គា បន្តថា លោកពិតជាមិនយល់ និងមានចម្ងល់យ៉ាងខ្លាំងចំពោះរឿងនេះ ក្រុមហ៊ុនចូលមកយក គឺមកធ្វើការអភិវឌ្ឍន៍យ៉ាងស្របច្បាប់ហើយ បែរជាមកជួបរឿងបែបនេះទៅវិញ ។ ដំបូងឡើយលោកយល់ថា ធម្មតានៅកន្លែងណាក៏ដូចកន្លែងណាដែរ បើទោះជាមកបណ្ដាក់ទុនវិនិយោគដោយស្របច្បាប់ក្តី ក៏ក្រុមហ៊ុនត្រូវចំណាយកញ្ចប់ថវិកាណាមួយទៅឲ្យមន្ត្រីនៅមូលដ្ឋានដែរ ដើម្បីឲ្យការងារប្រកបទៅដោយភាពរលូន តែនេះខាងក្រុមហ៊ុនចំណាយឱ្យលោក យឹម ណន និងលោក ផល មុនី ហើយ នៅតែមន្ត្រីថ្នាក់ក្រោមចុះមុខគោះលុយទៀត។

លោកបន្តថា យកលុយទៅយកចុះ ហេតុអ្វីបានជាមករារាំងការសម្អាតដីរបស់ក្រុមហ៊ុនទៅវិញ? តាមរយៈលោកបានខិតខំកៀងគរវិនិយោគចិនមកធ្វើការអភិវឌ្ឍនៅក្នុងទឹកដីខេត្តកំពង់ស្ពឺនេះ ដល់ពេលមកជួបរឿងបែបនេះ លោកក៏ដូចជានាយកក្រុមហ៊ុនពិតជាមិនយល់ទាល់តែសោះ។

លោក អ៊ុង គង្គា បានបន្តទៀតថា ក្រុមហ៊ុនចូលមកវិនិយោគ គឺបានទិញដីពីពលរដ្ឋក្នុងមូលដ្ឋានដោយផ្ទាល់ត្រឹមត្រូវតាមច្បាប់ បើទោះជាបែបនេះក្តីក៏នៅតែមានពាក្យចោទប្រកាន់ពីជំនាញកសិកម្មថា ក្រុមហ៊ុនចូលមកលួចដីរដ្ឋទៅវិញ លោកចង់សួរថា សម័យនេះហើយបើមិនទិញដីពីពលរដ្ឋទេ ពលរដ្ឋមិននៅស្ងៀមឲ្យគេដណ្ដើមយកដីគាត់ឡើយ គឺច្បាស់ជាមានការតវ៉ាពីពួកគាត់មិនខាន តែនេះពលរដ្ឋមិនតវ៉ា តែបែរជាអស់លោកខាងកសិកម្ម និងមេព្រៃមករឿងទៅវិញ។

ដោយមិនអស់ចិត្ត លោកផ្ទាល់បានទូរស័ព្ទទៅលោក ឈៀង តុលា ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ដើម្បីសួរនាំ ស្រាប់តែត្រូវលោក ឈាង តុលា ប្រើប្រាស់ពាក្យសម្ដីមិនសមរម្យយ៉ាងអសុរោះបំផុតមកលើរូបលោក ដោយចោទប្រកាន់ថា «ក្រុមហ៊ុនអ្ហែងចោរចូលមកលួចដីរដ្ឋ ដីកន្តួយម៉ែអ្ហែងនៅហ្នឹងអ្ហេ» ពាក្យប្រមាថកាតទានរបស់លោក ឈៀង តុលា មកលើរូបលោក គឺលោកមិនអាចទទួលយកបានឡើយ ។ ចំពោះករណីនេះ ខាងក្រុមហ៊ុននឹងរៀបចំដាក់ពាក្យបណ្ដឹងទៅស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

លោកបានបញ្ជាក់ផងដែរថា ដីដែលក្រុមហ៊ុនកំពុងធ្វើការសម្អាតអភិវឌ្ឍន៍នេះ ត្រូវបានលោក យឹម ណន និងលោក ផល មុនី ចេះតែមករឿងមិនចេះចប់មិនចេះហើយសោះ ខណៈក្រុមហ៊ុនបានចំណាយលុយអស់រាប់ម៉ឺនដុល្លារឲ្យទៅលោក យឹម ណន និងលោក ផល មុនី លុយទាំងនេះត្រូវបានលោកទាំងពីរអះអាងថា យកទៅឲ្យថ្នាក់ដឹកនាំ តែលោកមិនដឹងថា តើថ្នាក់ដឹកនាំរូបណានោះទេ? ដែលលោក យឹម ណន និងលោក ផល មុនី អះអាងថា ប្រើឱ្យមក និងជាអ្នកចាំទទួលលាភសក្ការៈដែលទទួលបានពីក្រុមហ៊ុននោះឡើយ»។

និយាយជារួមក្រុមហ៊ុនចូលមកអភិវឌ្ឍ គឺចង់ឲ្យមានការរីកចម្រើនក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺនេះ ហើយក្រុមហ៊ុនក៏ចង់ឲ្យពលរដ្ឋនៅតំបន់នោះមានការងារធ្វើដែរ មិនមែនដូចលោកប្រធានមន្ទីរចោទប្រកាន់មកលើក្រុមហ៊ុននោះទេ។

លោក អ៊ុង គង្គា បានបញ្ជាក់យ៉ាងច្បាស់ផងដែរថា លុយដែលក្រុមហ៊ុនចំណាយឲ្យទៅលោក យឹម ណន និងលោក ផល មុនី តាមរយៈលោក ស៊ិន សាវ៉ុន សុទ្ធតែមានឯកសារទាំងអស់ដូចជា ឱ្យផ្ទាល់បាញ់តាមអេប៊ីអេ ដែលលោកបាននអះអាងថា ជាកុងធនាគារកូនរបស់គាត់ក៏មានដែរ គឺមានគ្រប់ទាំងអស់ ។ លោកយល់ថាទង្វើរបស់លោក យឹម ណន នេះ គឺចង់ធ្វើការកៀបសង្កត់មកលើក្រុមហ៊ុន ដើម្បីបម្រើផលប្រយោជន៍ខ្លួន និងបក្សពួកតែប៉ុណ្ណោះ ហើយក៏យកឈ្មោះថ្នាក់ដឹកនាំមកបិទបាំង សកម្មភាពបែបនេះក្នុងនាមលោកជាតំណាងក្រុមហ៊ុនសុំស្នើទៅឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម មេត្តាពិនិត្យមើលសកម្មភាពរបស់មន្ត្រីក្រោមឱវាទពីរនាក់នេះផង ចំណែកឯលោក ឈៀង តុលា ក៏ដូចគ្នាក្នុងនាមជាថ្នាក់ដឹកនាំមន្ទីរមួយរូប មិនគួរណាធ្វើការជេរប្រមាថមកលើរូបលោកបែបនេះទេ។

ពាក់ព័ន្ធនឹងការលើកឡើងខាងលើ អ្នកយកព័ត៌មានយើងបានព្យាយាមសុំការពន្យល់បកស្រាយពីលោក យឹម ណន និងលោក ឈៀង តុលា ប្រធានមន្ទីរកសិកម្មដែរ តែប្រព័ន្ធទូរស័ព្ទមិនអាចទំនាក់ទំនងបានឡើយ។ ស្ថាប័នកោះសន្តិភាពយើងខ្ញុំ នឹងរង់ចាំទទួលការពន្យល់បកស្រាយពីលោកទាំងពីរនាក់ និងភាគីពាក់ព័ន្ធគ្រប់ពេលវេលា។ ព័ត៌មានបន្ថែមនឹងមានផ្សាយជូននាពេលក្រោយទៀត។

To Top