កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយ ថ្នាក់ដឹកនាំខេត្តជាច្រើននាក់ទៀត នារសៀលថ្ងៃទី ១៦ខែមេសា ឆ្នាំ ២០២២ ដែលជាថ្ងៃចូលឆ្នាំទី៣ បានរៀបចំពិធីស្រង់ព្រះ រួមជាមួយប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅបរិវេណមុខសាលាខេត្តកំពង់ចាម ។
តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ដោយមើលឃើញពីការថមថយ គួរឱ្យកត់សម្គាល់ នៃការឆ្លងរាតត្បាត នៃជំងឺកូវីដ១៩ នៅក្នុងក្របខ័ណ្ឌទូទាំងខេត្ត និងទូទាំងប្រទេស លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ច ប្រជុំបន្ទាន់ របស់គណៈបញ្ជាការឯកភាពខេត្ត នៅព្រឹកថ្ងៃទី ១៦ មេសា ឆ្នាំ២០២២ ដើម្បីពិភាក្សា ជុំវិញការរៀបចំប្រារព្ធពិធីស្រង់ព្រះ និងពិនិត្យវឌ្ឍនភាព ប្រជាពលរដ្ឋមកចូលរួម “សង្ក្រាន្តកំពង់ចាម” អស់រយៈពេល២ ថ្ងៃកន្លងមក ប្រកបដោយភាពសប្បាយរីករាយ និងមានសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ។
ដោយបានការឯកភាព ពីគណៈបញ្ជាការឯកភាពខេត្ត លោក អ៊ុន ចាន់ដា បានសម្រេច ឱ្យមានការរៀបចំពិធីស្រង់ព្រះ ដើម្បីចូលរួមអបអរឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ.ស.២០២៣ នៅខាងមុខសាលាខេត្តកំពង់ចាម ចាប់ពីម៉ោង៣:៣០នាទី រសៀលថ្ងៃដដែលនេះ។
យ៉ាងណាក៏ដោយ ក្នុងកិច្ចប្រជុំនោះ លោកអភិបាលខេត្ត ក៏បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច នៅតែបន្តការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ ឲ្យបន្តចូលរួមអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន ជាពិសេសត្រូវពាក់ម៉ាសឱ្យបានជាប់ជាប្រចាំពេលមានការជួបជុំច្រើន៕