នយោបាយ

កិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក នឹងធ្វេីឡេីងនៅរដ្ឋធានី វ៉ាស៊ីនតោន នាថ្ងៃទី១២-១៣ ឧសភា

ភ្នំពេញ៖ កម្ពុជា ក្នុងនាមប្រធានអាស៊ាន បានចេញសេចក្តីថ្លែងការណ៍ព័ត៌មាន របស់ប្រធានអាស៊ាន ដោយប្រកាសថា អាស៊ាន និងសហរដ្ឋអាមេរិកនឹង ធ្វើកិច្ចប្រជុំកំពូលពិសេស នៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ។

យោងតាមសេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាសូមធ្វើសេចក្ដីប្រកាស ជូនជាព័ត៌មាន អាស៊ាន និងសហរដ្ឋអាមេរិក នឹងធ្វើកិច្ចប្រជុំកំពូលពិសេស ដើម្បីអបអរសាទរទំនាក់ទំនង ដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ដែលមានវ័យ៤៥ឆ្នាំមកហើយ។ នេះគឺជាកិច្ចប្រជុំកំពូលពិសេស លើកទី២ គិតពីឆ្នាំ ២០១៦ ហើយជាការជួបប្រជុំគ្នា ដោយផ្ទាល់មុខលើកទី១ សម្រាប់ថ្នាក់ដឹកនាំយើង គិតចាប់តាំងពី ឆ្នាំ២០១៧ មក។

ថ្នាក់ដឹកនាំអាស៊ាន និងប្រធានាធិបតី ចូ បៃឌិន នឹងពិភាក្សាគ្នាអំពីមធ្យោបាយនិងវិធីសាស្ត្រនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងវិស័យជាច្រើន ដែលជាអាទិ៍រួមមាន ការឆ្លើយតបនឹងជំងឺ កូវីដ១៩ សន្តិសុខ សុខភាពសកល ការផ្លាស់ប្តូរអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការលំហសមុទ្រ ការអភិវឌ្ឍធនធានមនុស្ស ការអប់រំ និងចំណងទំទាក់ទំនង រវាងប្រជាជននិងប្រជាជន ក៏ដូចជាការតភ្ជាប់ និងទំនាក់ទំនងសេដ្ឋកិច្ច។ 

ប្រភព​ដដែលបានឱ្យដឹងទៀតថា ថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក ក៏នឹងធ្វើការផ្លាស់ប្តូរយោបល់គ្នាផងដែរ អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួម។

នៅក្នុងអំឡុងពេល នៃកិច្ចប្រជុំកំពូលពិសេស ជាប្រវត្តិសាស្ត្រនេះ ថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក នឹងដាក់ចេញនូវទិសដៅ អនាគតនៃទំនាក់ទំនង រវាងអាស៊ាននិងសហរដ្ឋអាមេរិក​ ហើយនឹងលើកកម្ពស់ ភាពជាដៃគូយុទ្ឋសាស្ត្រ សម្រាប់ផលប្រយោជន៍រួម ទៅវិញទៅមក នៃប្រជាជនអាស៊ាន និងប្រជាជនសហរដ្ឋអាមេរិក។

កិច្ចប្រជុំកំពូលពិសេសនេះ ក៏នឹងបញ្ជាក់ឡើងវិញផងដែរ នូវការប្តេជ្ញាចិត្តរួមគ្នា ដើម្បីរក្សាមជ្ឈភាព និងឯកភាពអាស៊ាន តាមរយៈយន្តការនានា ដែលដឹកនាំដោយអាស៊ាន ក៏ដូចជាដើម្បីបង្កើនជំនឿនិង ទំនុកចិត្តគ្នា ទៅវិញទៅមក ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់៕

To Top