វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា លោកបានអញ្ជើញ សមភាគីបារាំង របស់លោក ឱ្យមកបំពេញទស្សនកិច្ច នៅអ៊ុយក្រែន ដើម្បីមើលភស្តុតាងខ្លួនឯងថា កងកម្លាំងរុស្ស៊ី បានប្រព្រឹត្តអំពើ “ប្រល័យពូជសាសន៍” ។
លោក Zelensky បានប្រាប់ដល់ទូរទស្សន៍ CNN នៅក្នុងបទសម្ភាសន៍មួយដែល បានថតកាលពីថ្ងៃសុក្រ ប៉ុន្តែបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យថា “ខ្ញុំបាននិយាយជាមួយគាត់កាលពីម្សិលមិញ” ។
លោកប្រធានាធិបតី បានសង្កត់ធ្ងន់ថា “ខ្ញុំគ្រាន់តែប្រាប់គាត់ថា ខ្ញុំចង់ឱ្យគាត់យល់ថា នេះមិនមែនជាសង្គ្រាមទេ ប៉ុន្តែគ្មានអ្វីក្រៅពីអំពើប្រល័យពូជសាសន៍ទេ ខ្ញុំបានអញ្ជើញគាត់មក នៅគ្រាដែលគាត់មានឱកាស គាត់នឹងមកមើល ហើយខ្ញុំប្រាកដថាគាត់នឹងយល់” ។
លោក Zelenskyy បានថ្លែងថា គាត់ក៏គិតថាប្រធានាធិបតីអាមេរិក ចូ បៃដិន នឹងមកនៅចំណុចណាមួយដែរ ទោះបីជាមន្ត្រីសេតវិមានបាននិយាយថា មិនមានគម្រោងធ្វើដូច្នេះក៏ដោយ ។
មេដឹកនាំអ៊ុយក្រែន បានលើកឡើងថា គាត់ជឿថា លោក Macron ខ្មាស់អៀនក្នុងការប្រើប្រាស់ពាក្យ “ប្រល័យពូជសាសន៍”ដែលជាពាក្យដែលលោក បៃដិន បានប្រើទាក់ទងនឹងសង្រ្គាមនៅអ៊ុយក្រែន ដោយសារតែគាត់គិតថា វានឹងធ្វើឱ្យប៉ះពាល់ដល់ឱកាស សម្រាប់ទំនាក់ទំនងការទូតជាមួយរុស្ស៊ី ៕
ដោយ៖ ម៉ៅ បុប្ផាមករា