ព័ត៌មានអន្តរជាតិ

គណបក្សអារ៉ាប់ របស់អ៊ីស្រាអែល ចង់ចាកចេញពី រដ្ឋាភិបាលចម្រុះ ជុំវិញភាពតានតឹង នៃវិហារអ៊ីស្លាម Al-Aqsa

យេរ៉ូសាឡឹម៖ គណបក្សឥស្លាមរបស់ អ៊ីស្រាអែលបានឲ្យដឹងថា ខ្លួនបានពិចារណាការ ចាកចេញពីរដ្ឋាភិបាលចម្រុះ ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីលោក Naftali Bennett ដើម្បីតវ៉ាប្រឆាំងនឹងសកម្មភាព របស់ប៉ូលីសនៅវិហារ Al-Aqsa ។

លោក Mansour Abbas ប្រធានគណបក្ស បានប្រាប់វិទ្យុ Israeli-Arab A-Shams ថា គណបក្សរបស់លោក ដែលមានអាសនៈចំនួន ៤ ក្នុងរដ្ឋាភិបាលចម្រុះដែលមាន ៦០អាសនៈ កំពុងពិចារណាលាលែងពីតំណែង ដើម្បីតវ៉ាចំពោះសកម្មភាព របស់ប៉ូលីសនៅវិហារអ៊ីស្លាម Al-Aqsa ក្នុងបរិវេណដែលបង្ករបួស និងចាប់ខ្លួនជនជាតិប៉ាឡេស្ទីនរាប់រយនាក់ ក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ អំឡុងពេលមានការប៉ះទង្គិចគ្នា។

លោក Abbas បានលើកឡើងថា “វិហារអ៊ីស្លាម Al-Aqsa គឺជាបន្ទាត់ក្រហមសម្រាប់ពួកយើង រួមទាំងការចំណាយលើ ស្ថិរភាពនៃរដ្ឋាភិបាលចម្រុះ” លោក Abbas បានលើកឡើងថា “មិនមានការពិចារណាផ្នែកនយោបាយ នៅក្នុងបញ្ហានៃវិហារ Al-Aqsa” នោះទេ។

ទូរទស្សន៍ Kan TV ដែលគ្រប់គ្រងដោយរដ្ឋរបស់អ៊ីស្រាអែល បានរាយការណ៍ថា គណបក្សនេះ កំពុងកោះហៅកិច្ចប្រជុំពិសេសមួយ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃក្រោយ លើសំណើមួយ ដើម្បីចាកចេញពីរដ្ឋាភិបាលចម្រុះ។

នៅក្នុងលិខិតមួយផ្ញើជូនលោក Bennett លោក Mazen Ghnaim សមាជិកគណបក្ស បានឲ្យដឹងថា “ប្រសិនបើសកម្មភាពរបស់ កងកម្លាំងសន្តិសុខនៅក្នុងវិហារអ៊ីស្លាម Al-Aqsa ដែលត្រូវបានប្រទានពរ មិនត្រូវបានបញ្ឈប់ភ្លាមៗនោះ ខ្ញុំចាត់ទុកខ្លួនឯងថា មិនមែនជាផ្នែកនៃរដ្ឋាភិបាលចម្រុះនោះ”។

ការកត់សម្គាល់នេះបានបង្កឱ្យមាន ភាពតានតឹងបន្ថែមទៀតនៅក្នុងក្រុមចម្រុះ ដែលបានបញ្ចប់ការគ្រប់គ្រង របស់នាយករដ្ឋមន្ត្រី ដែលកាន់អំណាចយូរបំផុត របស់អ៊ីស្រាអែល Benjamin Netanyahu ក្នុងឆ្នាំ២០២១ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top