ភ្នំពេញ៖ ក្នុងត្រីមាសទី១ ឆ្នាំ២០២២ ក្រុមការងារតាមដានគេហទំព័រហ្វេសប៊ុករបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានទទួលសំណូមពរ និងសំណួរពីប្រជាពលរដ្ឋចំនួន ២៦៩គណនី ក្នុងនោះ ដោះស្រាយបានចំនួន ៥៨គណនី ខណៈ១៣៧គណនីទៀត កំពុងដោះស្រាយ។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ សម្ដេច ស ខេង បានថ្លែងថា «ក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ ក្រុមការងារតាមដានអំពីការដោះស្រាយ ចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ បានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន ២៦៩គណនី»។
សម្ដេច បន្ដថា «ក្រុមការងារបានឆ្លើយតបទៅម្ចាស់គណនី និងដោះស្រាយចំនួន ៥៨គណនី និង ១៣៧គណនីទៀត កំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ។ ទន្ទឹមគ្នានេះក៏មានសំណូមពរ សំណួរ និងបញ្ហាខ្លះទៀត ត្រូវបានរកឃើញថា ខុសពីសមត្ថកិច្ចក្រសួងមហាផ្ទៃ និងបានជូនយោបល់បង្វែរទៅ ស្ថាប័នមានសមត្ថកិច្ច»។
សម្ដេច បន្ថែមថា វឌ្ឍនភាពការងារនេះ អាចសម្រេចបាន ដោយសារកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារគេហទំព័រហ្វេសប៊ុករបស់ សម្ដេច។
ជាមួយគ្នានេះ សម្ដេច ស ខេង ក៏បានស្នើឲ្យថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធដែលស្ថិតក្រោម សមត្ថកិច្ចក្រសួងមហាផ្ទៃទាំងអស់ គប្បីខិតខំពន្លឿនការដោះស្រាយ ហើយការដោះស្រាយទាំងអស់នោះ ត្រូវតែធានាឲ្យបានល្អគ្រប់ជ្រុងជ្រោយ ពិតប្រាកដនៃបញ្ហា និងចប់ចុងចប់ដើមដោយមិនគ្រាន់តែ ធ្វើជាលិខិតស្នាមបញ្ជាតាមបែបបទ រដ្ឋបាលនោះទេ។
សម្ដេច បញ្ជាក់បន្ថែមថា «ខ្ញុំសូមថ្លែងអំណរគុណបងប្អូនជនរួមជាតិ ដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់រូបខ្ញុំ តាមរយៈទំព័រហ្វេសប៊ុក ដើម្បីយើងរួមគ្នាដោះស្រាយបញ្ហានានាក្រៅប្រព័ន្ធតុលាការ ជួយសម្រួលជីវភាពរស់នៅរបស់បងប្អូន និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើង»។
លើសពីនេះ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានស្នើសុំការយល់យោគ អធ្យាស្រ័យពីជនរួមជាតិ ចំពោះករណីមួយចំនួនទៀត ដែលក្រុមការងារ និងភាគីពាក់ព័ន្ធនៅមិនទាន់ បានដោះស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងអនុវត្តទៅតាមនីតិវិធី ៕