ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធសមិទ្ធផលនានា ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ នេះបាននិងកំពុងអញ្ជើញសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤។

យោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែនបានឱ្យដឹងថា គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤នេះ ចំណាយថវិកាទឹកប្រាក់សរុបប្រមាណ ៣០លានដុល្លាអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។

គម្រោងនេះរួមមាន៖ ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨.២គីឡូម៉ែត្រ, ដាក់បណ្តាញលូមេ នៅក្នុូមិសាស្ត្រខណ្ឌដូនពេញប្រវែង ៤.៤គីឡូម៉ែត្រ, សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC, ដំឡើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយបូមទឹកចតុមុខព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់ និងផ្តល់រថយន្តបូមទឹកចល័តចំនួន ២គ្រឿង។

គម្រោងសាងសង់សំណង់ទាំងអស់នេះ គឺដើម្បីការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិ បតីភាពបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៤ ខេមីនា ឆ្នាំ២០១៩កន្លងទៅ។ គម្រោងនេះ ប្រើរយៈពេលសាងសង់ប្រមាណជា ៣៦ខែ ដោយចាប់ផ្តើមគម្រោងពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ បញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១៕

To Top