បរទេស៖ អភិបាលនៃតំបន់ Belgorod ភាគនិរតី ប្រទេសរុស្ស៊ី លោក Vyacheslav Gladkov បាននិយាយថា ភូមិរបស់រុស្សីមួយទៀតត្រូវបាន វាយប្រហារពីសំណាក់អ៊ុយក្រែន កាលពីព្រឹកថ្ងៃអង្គារ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា អភិបាលតំបន់បានប្រកាសនៅលើប៉ុស្តិ៍ Telegram របស់គាត់ថា ភូមិ Golovchino ដែលស្ថិតនៅចម្ងាយប្រហែល 10 គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែនត្រូវបានគេកំណត់គោលដៅ។ គាត់បានសរសេរថា ស្ត្រីក្នុងតំបន់ម្នាក់បានរងរបួសក្នុងការវាយប្រហារ ហើយឥឡូវនេះ “កំពុងទទួលបានជំនួយផ្នែកវេជ្ជសាស្រ្តចាំបាច់ទាំងអស់”។
លោក Gladkov បានបន្ថែមថា ការបាញ់ផ្លោង “បណ្តាលឱ្យមានការបំផ្លិចបំផ្លាញ” នៅក្នុងភូមិដែលមានប្រជាជនជាង 4 700 នាក់ ជាមួយនឹងទំហំពេញលេញនៃការខូចខាតឥឡូវនេះកំពុងត្រូវបានវាយតម្លៃ។ ភូមិជាច្រើននៅក្នុងតំបន់ព្រំដែនរបស់ប្រទេសរុស្ស៊ីគឺ Belgorod និង Bryansk បានស្ថិតនៅក្រោមការបាញ់ប្រហារពីអ៊ុយក្រែនក្នុងសប្តាហ៍មុន។ ការវាយប្រហារដ៏អាក្រក់បំផុតបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងភូមិ Klimovo ក្នុងតំបន់ Bryansk ដែលមនុស្ស ៨នាក់ រួមទាំងក្មេងប្រុសអាយុ 2 ឆ្នាំម្នាក់ និងម្តាយដែលមានផ្ទៃពោះបានរងរបួស។
យោងតាមភាគីរុស្ស៊ី ការវាយប្រហារគឺត្រូវបានអនុវត្ត ដោយឧទ្ធម្ភាគចក្រអ៊ុយក្រែន ពីរគ្រឿង ដែលបានបំពានដែនអាកាស របស់ប្រទេសរុស្ស៊ី៕
ប្រែសម្រួលៈ ណៃ តុលា