ភ្នំពេញ: បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រ ចិត្តយុវជន សម្ដេចតេជោ (TYDA) ចូលរួមនៅក្នុង ពិធីចុះអនុស្សារណៈយោគយល់ រវាងសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ និងធនាគារវឌ្ឍនៈអាស៊ីចំកាត់(ABA Bank) នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ។
លោក ហ៊ុន ម៉ាណែត សូមថ្លែងអរគុណ ចំពោះធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA Bank) ដែលចុះអនុស្សារណៈយោគយល់ ជាមួយសមាគមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជន សម្តេចតេជោ (TYDA) និងសមាគម សិស្សនិស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតី តេជោហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត (AMT) និងផ្ដល់ថវិកា ចំនួន១០ម៉ឺនដុល្លាសហរដ្ឋអាមេរិក ក្នុងរយៈពេល១ឆ្នាំ ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ ក្នុងសកម្មភាព មនុស្សធម៌ ដើម្បីបុព្វហេតុ សង្គមជាតិ តាមរយៈការ ចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅទូទាំងប្រទេស និងផ្ដល់ថវិកាចំនួន១០ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ក្នុងរយៈពេល១ឆ្នាំ ជូនសមាគមសិស្សនិស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត (AMT)ផ្ដល់ឱកាសឱ្យសិស្ស និស្សិត អាហារូបករណ៍បានសិក្សារៀន សូត្រដើម្បីយកចំណេះដឹង ជំនាញកសាងអនាគតរបស់ពួកគេ។
លោក បន្តថា បើទោះបីជាធនាគារវឌ្ឍនៈអាស៊ីចំកាត់(ABA Bank) ជាក្រុមហ៊ុនឯកជន រកប្រាក់ចំណេញក្តី ប៉ុន្តែយើងមានបេសកកម្មសង្គម ស្រដៀងគ្នាក្នុងការចូលរួមសកម្មភាព មនុស្ស ធម៌មនុស្ស តាមរយៈការផ្ដល់សេវាសុខភាព ជូនប្រជាពលរដ្ឋ ។ ការចូលរួមចុះអនុស្សរណៈយោគយល់គ្នានេះ បានផ្ដល់លទ្ធភាព ឲ្យសមាគម TYDA បញ្ជូនកម្លាំងស្ម័គ្រចិត្ត ដែលមានជំនាញ ទឹកចិត្ត ឆន្ទ: ដើម្បីផ្ដល់សេវាសុខភាព ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅទូទាំងប្រទេស និងបានផ្តល់ក្តីសង្ឃឹម ស្នាមញញឹម និងក្តីសុខរបស់ប្រជាពលរដ្ឋ។
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) គឺមានគោលការណ៍០៣ នៅក្នុងការអនុវត្តកិច្ចការមនុស្សធម៌ដើម្បីបុព្វហេតុជួយដល់ប្រជាពលរដ្ឋ
១- ការផ្ដល់ផល ប្រយោជន៍ ជូនប្រជាពលរដ្ឋតាមរយៈការព្យាបាលឥតគិតថ្លៃ និងបញ្ជូនមកវះកាត់ និងព្យាបាលបន្ត នៅរាជធានីភ្នំពេញ ក្រោមការឧបត្ថម្ភ ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដើម្បីផ្តល់ក្តីសង្ឃឹម ស្នាមញញឹម និងក្តីសុខរបស់ប្រជាពលរដ្ឋ ។
២-ដើម្បីប្រមូលផ្ដុំ និងផ្តល់ឱកាស ដល់កម្លាំងស្ម័គ្រចិត្ត ដែលមាន ជំនាញ ទឹកចិត្ត ឆន្ទៈដើម្បីចូលរួមធ្វើសកម្មភាព មនុស្សធម៌ដើម្បីបុព្វហេតុសង្គម តាមរយៈការចុះពិនិត្យនិងព្យាបាល ជូនប្រជាពលរដ្ឋដោយ ឥតគិតថ្លៃនៅទូទាំងប្រទេស។
៣-ផ្ដល់លទ្ធភាព ការ បណ្ដុះបណ្ដាល សមត្ថភាពដល់សមាជិក និងក្រុមការងារ ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែរីកចម្រើន ក្នុងការយកជំនាញ បច្ចេកទេសព្យាបាល ជូនប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍវិស័យ សុខាភិបាលនៅកម្ពុជា។
លោក ក៏បានស្នើឱ្យធនាគារABA ផ្តល់ឱកាសសម្រាប់សិស្ស និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត មានឱកាសចុះធ្វើកម្មសិក្សា សាកល្បង ការងារតាមជំនាញរបស់ពួកគេ ដើម្បីផ្ដល់ឱកាសឲ្យសិស្ស និស្សិតមានបទពិសោធន៍ និងការងារជំនាញរបស់ខ្លួន ប្រកបដោយសមត្ថភាព និងប្រសិទ្ធភាពខ្ពស់៕