ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា អ្នកដឹកនាំណាធ្វើផ្ទុយ មិនស្របតាមបំណង ប្រាថ្នាប្រជាពលរដ្ឋ គឺមិនទទួលជោគជ័យនោះទេ តែងតែទទួលបរាជ័យ ។
ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តមុនីរតនប្បភា ហៅវត្តថ្មី ស្ថិតនៅក្នុងភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង សម្ដេច ស ខេង បានថ្លែងឲ្យដឹងថា អ្នកធ្វើនយោបាយត្រឹមត្រូវ គឺនយោបាយផ្អែកលើផលប្រយោជន៍ជាតិ និងប្រជាជន និងធ្វើអ្វីៗគោរពតាមការសម្រេចចិត្ត ការចង់បាន សំណូមពរ និងទាមទាររបស់ប្រជាពលរដ្ឋ ។
សម្ដេច បានគូសបញ្ជាក់ថា «យើងមិនអាចធ្វើផ្ទុយ ពីបំណងប្រាថ្នារបស់ប្រជាពលរដ្ឋបានទេ ហើយអ្នកដឹកនាំណា ដែលធ្វើផ្ទុយមិនស្រប តាមបំណងប្រាថ្នា ប្រជាពលរដ្ឋ អ្នកដឹកនាំនោះគឺ មិនទទួលជោគជ័យទេ តែងតែទទួលបរាជ័យ ។ នេះជាសច្ចៈធម៌ ដែលយើងមិនអាចប្រកែកបាន។ សព្វថ្ងៃនេះ ដោយសារយើងបានរក្សា នូវឧត្តមគតិបែបនេះ យើងទទួលបានសុខសន្តិភាព និងស្ថិរភាព»។
សម្ដេច នាយករដ្ឋមន្រ្តីស្ដីទី បានបន្តថា រាជរដ្ឋាភិបាល និងគណបក្ស ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រធាន បន្តវេនពីថ្នាក់ដឹកនាំមុន និងជានាយករដ្ឋមន្រ្តីបានខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាម ពង្រឹងសុខសន្តិភាព ស្ថិរភាព បង្កើតបានឱកាស សម្រាប់ការកសាងវត្ត សាលារៀន ផ្លូវ និងសមិទ្ធផលផ្សេងៗទៀត ជាប្រយោជន៍របស់ប្រជាពលរដ្ឋ។ សម្ដេច បានបន្ថែមថា «បើយើងមិនទាន់មានសុខសន្តិភាព យើងត្រូវខិតខំតស៊ូ ដើម្បីមានសុខសន្តិភាព ឥឡូវយើងមានសុខសន្តិភាពហើយ យើងតស៊ូដើម្បីកសាងជីវភាព ឱ្យកាន់តែប្រសើរឡើង»។
ឆ្លៀតឱកាសនោះ សម្ដេច ស ខេង បានអំពាវនាវប្រជាពលរដ្ឋ មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រៀមឯកសារ អញ្ជើញទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឲ្យបានគ្រប់ៗគ្នា ដើម្បីរួមចំណែកពង្រឹង ដំណើរការលទ្ធិប្រជាធិបតេយ្យ នៅមូលដ្ឋាន ។ សម្ដេច ក៏បានគូសបញ្ជាក់ អំពីភាពវិជ្ជមាន នៃដំណើរការឈានទៅកាន់ ការរៀបចំការបោះឆ្នោត នៅខែមិថុនា ខាងមុខ ដែលមកដល់ពេលនេះ មិនមានអំពើហិង្សា ឬការគំរាមកំហែងណាមួយនោយឡើយ និងបានអំពាវនាវឲ្យគ្រប់ភាគី បន្តរក្សាបរិយកាសនេះ រហូតដល់ថ្ងៃបោះឆ្នោត និងក្រោយការបោះឆ្នោត។
លើសពីនេះ សម្ដេច បានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមផ្ដល់ព័ត៌មាន ជូនអាជ្ញាធរមូលដ្ឋាន អំពីបញ្ហាទាំងឡាយពាក់ព័ន្ធ នឹងសន្តិសុខ និងសណ្ដាប់ធ្នាប់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាទាំងនោះ ហើយទន្ទឹមគ្នានេះ អាជ្ញាធរ ក៏ត្រូវបំពេញភារកិច្ចបំរើប្រជាពលរដ្ឋឲ្យបានល្អ ចៀសវាងការ បែងចែកក្រុម បក្សពួក ឬនិន្នាការនយោបាយ ៕