ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសស្វាគមន៍ ចំពោះក្រុមហ៊ុនជប៉ុនទាំងអស់ ដែលបាននិងកំពុងធ្វើពាណិជ្ជកម្មនៅកម្ពុជា និងកំពុងមានគម្រោងទៅបណ្ដាក់ទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជានៅពេលខាងមុខ។
ការប្រកាសស្វាគមន៍នេះ ធ្វើឡើងក្នុងឱកាស សម្ដេចតេជោនាយករដ្ឋមន្រ្តី ទទួលជួបពិភាក្សាការងារ ជាមួយ អភិបាលខេត្តគូម៉ាម៉ូតូ និងក្រុមហ៊ុនធុរកិច្ចជប៉ុនចំនួន៨ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ។
ជាមួយគ្នានេះផងដែរ សម្តេចតេជោបានអនុញ្ញាតឱ្យក្រុមហ៊ុននីមួយៗ បានលើកឡើងអំពីសកម្មភាពវិនិយោគរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាគម្រោងវិនិយោគនាពេលខាងមុខផងដែរ។
សម្ដេចតេជោបានមានប្រសាសន៍ថា បច្ចុប្បន្ននេះច្បាប់វិនិយោគ នៅក្នុងប្រទេសកម្ពុជា គឺមានភាពល្អប្រសើរច្រើន សម្រាប់អ្នកវិនិយោគក្រៅប្រទេសទាំងអស់ ដែលចូលមកវិនិយោគ នៅក្នុងប្រទេសកម្ពុជា។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការវិនិយោគនៅក្នុងប្រទេសកម្ពុជា គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងពង្រីក ទំនាក់ទំនងសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរ អោយក្រុមហ៊ុនទាំងអស់ ដែលបាននិងកំពុងវិនិយោគនៅកម្ពុជា ក៏ដូចជាមានគម្រោងទៅវិនិយោគ ឲ្យទទួលបាននូវភាពជោគជ័យ ជាបន្តបន្ទាប់នាពេលខាងមុខ៕