ព័ត៌មានអន្តរជាតិ

តួកគី សម្រេចបិទការហោះហើរ របស់រុស្សីទាំងអស់ ទៅកាន់ប្រទេសស៊ីរី

បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសលោក Mevlut Cavusoglu បានប្រកាសកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានឲ្យដឹងថាប្រទេសរបស់លោកនឹងចាប់ផ្តើមរារាំង ការហោះហើរទាំងឡាយ របស់ប្រទេសរុស្សី ដើម្បីឆ្លងទៅកាន់ប្រទេសស៊ីរី។

កន្លងមកទោះបីជាតួកគី ជាសមាជិករបស់អង្គការណាតូក្តី ប៉ុន្តែរដ្ឋាភិបាលទីក្រុងអង់ការ៉ាមិនដែលបានប្រកាសទណ្ឌកម្មណាមួយ ប្រឆាំងទៅនឹងប្រទេសរុស្សី ចំពោះបញ្ហាលុកលុយអ៊ុយក្រែននោះទេ ហើយតែងតែបានបន្តពិភាក្សាជានិច្ច ជាមួយនឹងរដ្ឋាភិបាលមូស្គូ។

លោករដ្ឋមន្ត្រីទោះបីជាយ៉ាងណាក្តីម្សិលមិញនេះ បានបញ្ជាក់បែបនេះថា ៖ពួកយើងបានសម្រេចចិត្តបិទដែនអាកាស សម្រាប់រាល់យន្តហោះទាំងឡាយ របស់រុស្សីទោះជាអាកាសចរស៊ីវិល ឬសម្រាប់យោធាក្តីទៅកាន់ប្រទេសស៊ីរី ហើយការរារាំងនេះនឹងធ្វើឡើងក្នុងរយៈពេល៣ខែ។

លោករដ្ឋមន្ត្រីបានបន្តទៀតថាការហោះហើរត្រូវបានបិទហើយប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ក៏បានធ្វើការជូនដំណឹង ទៅដល់សមភាគីប្រធានាធិបតីរុស្សីលោក Vladimir Putin រួចរាល់ហើយផងដែរ ចំពោះការសម្រេចចិត្តលើកនេះ៕ ប្រែសម្រួល៖ស៊ុនលី

To Top