ព័ត៌មានជាតិ

សម្ដេចតេជោ អំពាវនាវពលរដ្ឋ ត្រូវចាក់វ៉ាក់សាំងដូសទី៣ ជាចាំបាច់ (មានសម្លេង)

ប្រសាសន៍សម្ដេចតេជោ​ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៖

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចាក់វ៉ាក់សាំងដូសទី៣ ឲ្យបានគ្រប់ៗគ្នា ដើម្បីឈានឆ្ពោះទៅរកនៃការបន្ថូរបន្ថយទាំងស្រុង ឬមួយផ្នែក ចំពោះវិធានសុខាភិបាល។

តាមរយៈសារសំឡេងនារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលកន្លងទៅនេះ បានសង្កេតឃើញថា ភាពស៊ាំងក្នុងសហគមន៍ មានការឆ្លងជំងឺកូវីដ-១៩ កម្រិតទិចតួច តាំងពីមុនពិធីបុណ្យចូលឆ្នាំ និងក្រោយចូលឆ្នាំ ពុំមានសញ្ញាណានៃការរីករាលដាលឆ្លងនោះទេ។

សម្ដេចតេជោ បន្ដថា ការសម្រេចចិត្តដាក់ខេត្តចំនួន៤ មិនឲ្យពាក់ម៉ាស់ ឬពាក់ម៉ាស់ ហើយកំពុងតែពិនិត្យដាក់ខេត្តបន្ថែមទៀត ដើម្បីកាត់បន្ថយការប្រើម៉ាស់ ព្រមទាំងកាត់បន្ថយការចំណាយប្រជាពលរដ្ឋទៅលើការទិញម៉ាស់។

សម្ដេចតេជោ បានបន្ថែមថា ដើម្បីឈានដល់ការសម្រេច នៃភាពស៊ាំក្នុងសហគមន៍ ដើម្បីបន្ថូរបន្ថយនូវវិធានការសុខាភិបាល ដូចជា ការជួបជុំ ឬពាក់ម៉ាស់ជាដើម ដោយមានការចាក់វ៉ាក់សាំងគ្រប់ៗគ្នា។

សម្ដេចតេជោ បានបញ្ជាក់ថា «ធ្វើយ៉ាងណាប្រជាជនកម្ពុជា ហោចបំផុតឲ្យមានវ៉ាក់សាំង ៣ដូស គ្រប់ៗគ្នា។ មកដល់ពេលនេះ វ៉ាក់សាំងចំនួនដូសទី៣ ទើបនឹងចាក់បានចំនួនជាង ៨លាននាក់តែប៉ុណោះ។ ដូច្នេះហើយមានចំនួនខ្វះខាតប្រមាណជាង ៦លាននាក់ទៀត ដែលយើងត្រូវការចាក់»។

សម្ដេចតេជោ ក៏បានណែនាំក្រសួងសុខាភិបាល ត្រូវរៀបចំកម្លាំងពេទ្យឲ្យបានត្រឹមត្រូវ ដើម្បីរួមគ្នាទៅចាក់វ៉ាក់សាំងកន្លែងមានមនុស្សច្រើន ព្រមទាំងកន្លែងងាយនឹងឆ្លងជំងឺកូវីដ-១៩ ធ្វើយ៉ាងនេះ ដើម្បីទប់ស្កាត់ការឆ្លងក្នុងសហគមន៍កាន់តែខ្ពស់ ព្រមទាំង ការលើកលែង ការពាក់ម៉ាស់ និងវិធានការសុខាភិបាល ក៏ត្រូវបានបន្ថូរបន្ថយ ផងដែរ។

សម្ដេចតេជោ បានបញ្ជាក់ទៀតថា «ខ្ញុំ សូមអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង មិនថា កម្មករ កម្មការិនីទេ ប្រជាជនទាំងអស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ត្រូវតែបានចាក់ដូសទី៣ ចាំបាច់ នេះជាការតម្រូវ ដើម្បីឈានឆ្ពោះទៅរកការបន្ថូរបន្ថយទាំងស្រុង ឬមួយផ្នែកនៃវិធានការសុខាភិបាល សម្រាប់ការពារ កាឆ្លងជំងឺកូវីដ-១៩»។

លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរឲ្យទទួលបានជោគជ័យ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ដូសទី៣ ដល់ប្រជាពលរដ្ឋគ្រប់ៗរូប ហើយពលរដ្ឋត្រូវមានវ៉ាក់សាំងដូសទី៣គ្រប់ៗគ្នា ដើម្បីការពារជំងឺកូវីដ-១៩៕

To Top