ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម ប្រជុំផ្សព្វផ្សាយ ហិរញ្ញប្បទានពិសេស របស់រដ្ឋាភិបាល ដំណាក់កាលទី ២

កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ចាម បានបើកកិច្ចប្រជុំផ្សព្វផ្សាយហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលកម្ពុជា ដំណាក់កាលទី ២ ដល់កសិករ និងតំណាងសហគមន៍ កសិកម្ម ក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងលោកបណ្ឌិត កែវ ថាច ប្រតិភូរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ថ្ងៃនេះគឺជាឱកាសដ៏ល្អ សម្រាប់បងប្អូនប្រជាកសិករ តំណាងសហគមន៍កសិកម្ម ក្នុងការទទួលបានព័ត៌មាន ពីការផ្សព្វផ្សាយគម្រោងហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលដំណាក់កាលទី ២ ដែលជាប្រាក់កម្ចីយកអត្ត្រាការប្រាក់ទាប ដើម្បីជាប្រយោជន៍ ក្នុងការពង្រឹងអាជីវកម្ម និងពង្រីកការងារកសិកម្ម ក្នុងសហគមន៍របស់ខ្លួន ។ ជាមួយគ្នានោះលោកអភិបាលខេត្ត បានផ្ដាំផ្ញើដល់អភិបាល ស្រុកទាំងអស់ ដែលបានចូលរួមសូមយកព័ត៌មាននេះ ជួយផ្សព្វផ្សាយបន្តដល់កសិករ នៅក្នុងសហគមន៍ តាមមូលដ្ឋានរបស់ខ្លួនផងដែរ ។

ដោយឡែកលោកបណ្ឌិត កែវ ថាច ប្រតិភូរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបញ្ជាក់ផងដែរថា ហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល ដំណាក់កាលទី ២ គឺមានទឹកប្រាក់ចំនួន ៥០ លានដុល្លារ ប្រើប្រាស់ក្នុងក្របខណ្ឌស្ដារ សេដ្ឋកិច្ចឡើងវិញ ក្រោយពេលប្រទេសជាតិ ជួបវិបត្តិជំងឺកូវីដ១៩ ពោលគឺជាឥណទានមួយជួយជំរុញនាំមុខ ក្នុងវិស័យកសិកម្មផ្សេងៗ ក្នុងនោះ លើវិស័យ ៤ បូក ៣ មានដូចជា ៖ ទី១ ៖ ពាក់ព័ន្ធការដាំដុះបន្លែផ្លែឈើ ទី២ ៖ ការចិញ្ចឹមសត្វ ទី៣ ៖ កាងារវ៉ារីវប្បកម្ម ទី៤ ៖ ការកែច្នៃផលិតផលកសិកម្ម ។

ចំណែក ៣ទៀតនោះទាក់ទងទៅនឹងផលដំណាំអាចនាំចេញក្រៅប្រទេស មានដូចជា ៖ ទី១ ៖ គឺផលដំណាំស្វាយចន្ទី ទី២ ៖ គឺផ្លែស្វាយកែវល្មៀត ទី៣ ៖ ផ្លែមានខេត្តប៉ៃលិន ឬ ហៅផ្លែតាង៉ែន ។

លោកបណ្ឌិត កែវ ថាច បានបញ្ជាក់ទៀតថា មុខសញ្ញាផ្លែឈើទាំងបីប្រភេទខាងលើនេះ ជាដំណាំយុទ្ធសាស្ត្រសម្រាប់ចូលរួមអនុវត្តធ្វើការនាំចេញតាមរយៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសចិន ដែលប្រទេសកម្ពុជាយើង បានចុះកិច្ចព្រមព្រៀងជាមួយប្រទេសចិនរួចហើយ ដើម្បីអនុវត្តនាំចេញនូវផលដំណាំទាំងនោះ ៕

To Top