ព័ត៌មានជាតិ

ក្រសួងសាធារណការ កំពុងសិក្សាលើ គម្រោងជីកព្រែក ជាង៧គីឡូម៉ែត្រ ភ្ជាប់ទៅកំពង់ផែ សមុទ្រកែប

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ក្រសួងកំពុងសិក្សា លើគម្រោងជីកព្រែក ជាង៧គីឡូម៉ែត្រ ភ្ជាប់ទៅកំពង់ផែសមុទ្រកែប ដើម្បីបើកការដឹកជញ្ជូនតាមផ្លូវទឹក ពីដងទន្លេនានា ទៅកាន់កំពង់ផែសមុទ្រ ដែលចង់បានការដឹកជញ្ជូនតាមផ្លូវទឹក ឲ្យអស់លទ្ធភាព ខណៈកម្ពុជា មានសក្ដានុពលផ្លូវទឹកជាច្រើន នៅមិនទាន់បានប្រើប្រាស់ ។

ការលើកឡើងរបស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងសាធារណការ ក្នុងឱកាសចុះពិនិត្យវឌ្ឍនៈភាព នៃការសាងសង់កំពង់ផែ រណបពហុបំណង(TS11) ចំណុះឲ្យកំពង់ផែស្វយ័តភ្នំពេញ នាព្រឹកថ្ងៃ២៥ មេសា ស្ថិតនៅប្របទន្លេសាប សង្កាត់គីឡូម៉ែត្រ លេខ៦ ខណ្ឌឬស្សីកែវ។

លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា កម្ពុជាចង់បានការដឹកជញ្ជូនតាមផ្លូវទឹកឲ្យបានច្រើន និងសម្បូរបែបដែលការដឹកជញ្ជូនផ្លូវទឹកនេះ នឹងកាត់បន្ថយការស្ទះចរាចរ , កាត់បន្ថយការខូចផ្លូវ ចំណេញពេលវេលា និងចំងាយផ្លូវ ចំណេញថវិកា ។

លោកបន្តថា “យើងមានលទ្ធភាពប្រើប្រាស់ ទឹកទន្លេមេគង្គទាំងការដឹកជញ្ជូន និងការប្រើប្រាស់ ក៏ដូចជាការស្រោចស្រពផលដំណាំផងដែរ។ មានកំពង់ផែរណប ចំនួន៧កន្លែង រួមមាន៖TS11, កោះរកា,ព្រែកតាម៉ាក់, កំពង់ឆ្នាំង, ឆ្លូង, ទន្លេបិទ, និងចំណតផែកុងតឺន័រ(LM17)។ តាមការសិក្សាជំហ៊ានដំបូង ក្រសួងសាធារណៈការ និងដឹកជញ្ជូន នឹងជីកព្រែកថ្មីមួយ ខ្សែប្រវែងពី៦ ទៅ៧ម៉ែត្រ ទៅកាន់កំពង់ផែកែបផងដែរ លើប្រវែងសរុប១៦៨គីឡូម៉ែត្រ ពីព្រែកអំបិលទៅកែប” ។

ជាមួយគ្នានោះលោក សៅ សាវ័ន្ត នាយកក្រុមហ៊ុន PTLSបានឲ្យដឹងថា កំពង់ផែនេះ ជាចរន្តដឹកជញ្ជូនទំនិញយ៉ាងសំខាន់ ក្នុងការប្រមូលនិង ការដឹកជញ្ជូនទំនិញ ក្នុងនិងក្រៅស្រុក ព្រោះកំពង់ផែនេះ ជាចំណុចបេះដូងនៃប្រទេស។

លោកបន្តថា កំពង់ផែរណបពហុបំណង(TS11) ស្ថាបនា បានប្រមាណ៨០%ហើយ ដោយគ្រោង នឹងបើកសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នៅដើមខែកក្កដា ឆ្នាំ២០២២ខាងមុខ ដែលនេះជាកិច្ចសហការ រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដែលរដ្ឋមានទីតាំង រីឯកជនមានថវិកា ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ៕

To Top