(AFP): ប្រទេសរុស្ស៊ី បានព្រមានអំពីការគំរាមកំហែង “ពិតប្រាកដ” នៃសង្គ្រាមលោកលើកទី 3 ដែលផ្ទុះឡើងនៅមុនកិច្ចប្រជុំ នៅថ្ងៃអង្គារ រវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ជុំវិញការបញ្ជូនអាវុធបន្ថែមទៀត ទៅកាន់អ៊ុយក្រែន ដែលហែកហួរដោយសង្រ្គាម។
ការលុកលុយរបស់ទីក្រុងមូស្គូ ទៅលើប្រទេសជិតខាងរបស់ខ្លួន បានបង្កឱ្យមានការផ្ទុះការគាំទ្រ ពីបណ្តាប្រទេសលោកខាងលិច ដែលបានឃើញអាវុធ បានចាក់ចូលទៅក្នុងប្រទេសដើម្បី ជួយខ្លួនធ្វើសង្គ្រាមប្រឆាំងនឹងកងទ័ពរុស្ស៊ី។
ប៉ុន្តែមហាអំណាចលោកខាងលិចមានការស្ទាក់ស្ទើរក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវការចូលរួមរបស់ពួកគេ ដោយសារតែការភ័យខ្លាចនៃការបង្កឱ្យមានជម្លោះប្រឆាំងនឹងប្រទេសរុស្ស៊ីដែលមានអាវុធនុយក្លេអ៊ែរ។
ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី រដ្ឋមន្ត្រីការបរទេសរបស់ទីក្រុងមូស្គូ លោក Sergei Lavrov បានព្រមានថា ហានិភ័យនៃសង្គ្រាមលោកលើកទី៣ “គឺធ្ងន់ធ្ងរ” ហើយបានរិះគន់វិធីសាស្រ្តរបស់ទីក្រុង Kyiv ចំពោះការចរចាសន្តិភាព ដែលមានភាពច្របូកច្របល់។
Lavrov បាននិយាយថា “វាជាការពិត អ្នកមិនអាចមើលស្រាលវាបានទេ។
អស់ជាច្រើនខែមកហើយ ដែលប្រធានាធិបតី Volodymyr Zelensky បាននឹងកំពុងស្នើសុំឱ្យ សម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែន នូវសព្វាវុធធុនធ្ងន់ រួមទាំងកាំភ្លើងធំ និងយន្តហោះចម្បាំង ដោយប្តេជ្ញាថា កងកម្លាំងរបស់លោក អាចបង្វែរជំនោរនៃសង្រ្គាម ជាមួយនឹងកម្លាំងភ្លើងបន្ថែមទៀត។
ការអំពាវនាវនេះ ហាក់ដូចជាមានសន្ទុះឡើងវិញនៅពេលនេះ ដោយប្រទេសជាច្រើននៃអង្គការណាតូ បានសន្យាថានឹងផ្តល់អាវុធធុនធ្ងន់ និងឧបករណ៍ជាច្រើន បើទោះបីជាមានការតវ៉ា ពីទីក្រុងមូស្គូក៏ដោយ។
នៅក្នុងដំណើរកម្សាន្តដ៏សំខាន់មួយទៅកាន់ទីក្រុង Kyiv កាលពីចុងសប្តាហ៍នេះ ប្រធានមន្ទីរបញ្ចកោណលោក Lloyd Austin និងរដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានជួបលោក Zelensky ហើយបានសន្យាថានឹងផ្តល់ជំនួយថ្មីចំនួន ៧០០ លានដុល្លារដល់អ៊ុយក្រែន។
ហើយតាមការអញ្ជើញរបស់សហរដ្ឋអាមេរិក ប្រទេសចំនួន ៤០ ក៏នឹងរៀបចំកិច្ចប្រជុំកំពូលសន្តិសុខ នៅប្រទេសអាឡឺម៉ង់ នៅថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីអាវុធបន្ថែមទៀត ដល់អ៊ុយក្រែន ក៏ដូចជាធានាសន្តិសុខរយៈពេលវែង របស់ប្រទេសនេះ នៅពេលដែលសង្រ្គាមបានបញ្ចប់។
ក្នុងចំណោមប្រទេស ដែលបានអញ្ជើញគឺជាសម្ព័ន្ធមិត្តអឺរ៉ុប របស់សហរដ្ឋអាមេរិក ប៉ុន្តែក៏មានប្រទេសអូស្ត្រាលី និងជប៉ុនផងដែរ ដែលខ្លាចថាការទទួលជ័យជម្នះរបស់រុស្ស៊ី នៅអ៊ុយក្រែននឹងក្លាយជាគំរូ និងលើកទឹកចិត្តដល់មហិច្ឆតាទឹកដីរបស់ចិន។
ហ្វាំងឡង់ និងស៊ុយអែត ដែលជាប្រទេសអព្យាក្រឹត ជាប្រពៃណីដ៏យូរមកហើយនោះ ដែលបាននិងកំពុងពិចារណា សមាជិកភាពណាតូ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី មកលើអ៊ុយក្រែន ក៏មាននៅក្នុងបញ្ជីភ្ញៀវផងដែរ។
ប្រែសម្រួលដោយ៖ សយ សុភា