ព័ត៌មានជាតិ

សម្ដេចតេជោ ៖ យុវជនកម្ពុជាបច្ចុប្បន្ន ជាធនធានដ៏ធំសម្បើម មានគំនិតច្នៃប្រឌិត និងទស្សនវិស័យវែងឆ្ងាយ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែ នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា យុវជនកម្ពុជាបច្ចុប្បន្ន ជាធនធានដ៏ធំសម្បើម មានគំនិតច្នៃប្រឌិត ភាពប៉ិនប្រសប់ និងទស្សនវិស័យវែងឆ្ងាយប្រកបដោយថាមពល និងមានមហិច្ឆតាក្នុងការទទួលបានចំណេះដឹងថ្មីៗផងដែរ។

តាមរយៈសារលិខិតរបស់រាជរដ្ឋាភិបាល ក្នុងឱកាសទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២២ ចេញផ្សាយនាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ផ្អែកលើទិដ្ឋភាពប្រជាសាស្ត្រ ដែលជាលទ្ធផល នៃជំរឿនទូទៅឆ្នាំ២០១៩ កម្ពុជា កំពុងទទួលបានកត្តាអំណោយផល ដោយប្រជាជន ក្រោមអាយុ១៤ឆ្នាំ មាន ២៩,៤ភាគរយ និងប្រជាជនអាយុចន្លោះ១៥ ដល់៥៩ឆ្នាំ មានចំនួន ៦១,៧ភាគរយ។ លក្ខណៈពិសេស នៃកត្តាប្រជាសាស្ត្រនេះ បានក្លាយជាភាគលាភ ដែលកម្ពុជា អាចទាញយកសក្តានុពល នៃប្រជាសាស្ត្រវ័យក្មេង ដើម្បីឈានទៅសម្រេច បានចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ របស់ កម្ពុជា ។

សម្ដេចតេជោ បន្ថែមថា ការណ៍នេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវការ អភិវឌ្ឍធនធានមនុស្ស ជាពិសេសយុវជន ជាអាទិភាព នៃការអនុវត្តយុទ្ធសាស្ត្រ ចតុកោណនៅគ្រប់ ដំណាក់កាល ពិសេសបានក្លាយជាអាទិភាពទី១ នៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ និងទី៤ នេះ ដើម្បីលើកកម្ពស់ ចំណេះដឹង ជំនាញវិជ្ជាជីវៈ សមត្ថភាព សហគ្រិនភាព ការច្នៃប្រឌិត នវានុវត្តន៍ តាមរយៈការ អប់រំផ្សព្វផ្សាយ ការចែករំលែកចំណេះដឹង បទពិសោធ និងរបកគំហើញថ្មីៗ បច្ចេកវិទ្យាប្រកប ដោយនវានុវត្តន៍ លើគ្រប់វិស័យ។

សម្ដេចតេជោឲ្យដឹងថា «យុវជនកម្ពុជា បច្ចុប្បន្នជាធនធានដ៏ធំសម្បើម ដែលមានគំនិតច្នៃប្រឌិត ភាពប៉ិនប្រសប់ និងមានទស្សនវិស័យវែងឆ្ងាយ ប្រកបដោយថាមពល និងមានមហិច្ឆតា ក្នុងការទទួលបានចំណេះដឹងថ្មីៗ ក្លាហានជឿជាក់ថា ខ្លួនអាចធ្វើបាន ប៉ុន្តែយុវជនមិនទាន់ បានប្រើប្រាស់ធនធាន របស់ខ្លួនឲ្យអស់លទ្ធភាព នៅឡើយទេ ដើម្បីជាគុណប្រយោជន៍ សម្រាប់ប្រទេសជាតិ»។

សម្ដេចតេជោ បញ្ជាក់ទៀតថា យុវជនកម្ពុជា បច្ចុប្បន្នមិនត្រឹម តែបានទទួលការ យកចិត្តទុកដាក់ និងការគាំទ្រយ៉ាងខ្លាំងក្លា ពីរាជរដ្ឋាភិបាលកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែភាពច្នៃប្រឌិត និងការបង្កើតថ្មី របស់យុវជន ត្រូវបានការពារដោយច្បាប់ជាតិ និងការពារក្រោមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងអន្តរជាតិ ពាក់ព័ន្ធកម្មសិទ្ធិបញ្ញា ដែលប្រទេសកម្ពុជា ជាភាគីហត្ថលេខីផងដែរ៕

To Top